ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈវិភាគ៖ ការសម្តែងក្តីព្រួយបារម្ភអំពីការបាត់បង់ EBA ធាតុពិតគឺគ្រាន់តែជាចេតនាញុះញង់ប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះ គេសង្កេតឃើញថា មានសហជីពដែលមាននិន្នាការប្រឆាំងមួយឬពីរ បានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេថាអាចនឹងមានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA មួយចំណែកបន្ថែមទៀតឬទាំងស្រុងពីកម្ពុជា ក្រោមហេតុផលនៃការចាប់ខ្លួនក្រុមយុវជនខុសច្បាប់ជ្រកក្រោមស្លាកមាតាធម្មជាតិ ដែលត្រង់ចំណុចនេះ គឺជាការលើកឡើងដោយមិនសមហេតុផលទាល់តែសោះព្រោះថា ករណី EBA និងការចាប់ខ្លួនក្រុមយុវជនធ្វើសកម្មភាពខុសច្បាប់ប៉ុន្មាននាក់នោះ គឺជាករណី២ផ្សេងគ្នាសុទ្ធសាធ។

តាមរយៈការសង្កេតរបស់ខ្ញុំក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ខ្ញុំយល់ឃើញថា៖ 

ទី១- ការផ្តន្ទាទោសចំពោះក្រុមយុវជនខុសច្បាប់ជ្រកក្រោមស្លាកមាតាធម្មជាតិ គឺជាការអនុវត្តនូវនីតិរដ្ឋ ដែលត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់របស់តុលាការ ដោយផ្អែកទៅលើបទល្មើសនិងភស្តុតាងជាក់ស្តែង របស់ក្រុមនេះ ដោយបានប្រមាថអង្គព្រះមហាក្សត្រ និងរៀបចំសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស។ ក្រុមនេះត្រូវបានគេដឹងថា មានការបញ្ជាពីជនបរទេស ឈ្មោះ អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ដែលជាមេក្លោង ដូច្នេះការផ្តន្ទាទោសចំពោះក្រុមយុវជនដែលធ្វើសកម្មភាពខុសច្បាប់ទាំងនោះ គឺកើតឡើងដោយសារទង្វើល្មើសច្បាប់របស់ពួកគេតែប៉ុណ្ណោះ។ 

ទី២- ជាគោលការណ៍ប្រព័ន្ធអនុគ្រោះពន្ធត្រូវបានផ្តល់ជូនតែប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ ដូច្នេះប្រព័ន្ធអនុគ្រោះពន្ធ EBA អាចនឹងត្រូវបានកាត់ផ្តាច់ដោយស្វ័យប្រវត្តិ នៅពេលដែលប្រទេសកម្ពុជា មានស្ថានភាពសេដ្ឋកិច្ចកាន់តែល្អប្រសើរ ឬក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ។ បើទោះបីថ្ងៃអនាគតកម្ពុជាមិនមានប្រព័ន្ធអនុគ្រោះពន្ធក្តី ប៉ុន្តែមិនមែនមានន័យថា កម្ពុជាបាត់បង់ទីផ្សារនៅអឺរ៉ុបនោះទេ គឺកម្ពុជានៅតែអាចនាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុបបានជាធម្មតា គ្រាន់តែយើងត្រូវបង់ពន្ធនាំចូល ដូចបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនប៉ុណ្ណោះ។  

ទី៣- ករណីខាងលើនេះ ត្រូវបានផ្សព្វផ្សាយបន្ទរ ដោយវិទ្យុបរទេសដែលនិយាយជាភាសាខ្មែរ ក្នុងគោលដៅបម្រើនយោបាយបរទេសបំផ្លាញខ្មែរ។ ការផ្សព្វផ្សាយបន្ទរនេះ គឺមានចរិតញុះញង់សាធារណជនឱ្យក្រោកឡើងប្រឆាំងតវ៉ាជាមួយរាជរដ្ឋាភិបាលដែលបានចាប់ខ្លួនក្រុមសកម្មជនខុសច្បាប់។ ជាពិសេសនៅក្នុងជួរកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដែរ និងស្បែកជើង ដែលប្រការទាំងនេះ ប្រាសចាកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពកម្មករនិយោជិត។

ជាសរុបមកវិញ ការសម្តែងក្តីព្រួយបារម្ភរបស់សហជីពមួយចំនួនតូច ឬក្រុមវិទ្យុប្រឆាំងនឹងផលប្រយោជន៍កម្ពុជាបម្រើនយោបាយបរទេស ស្តីពីការបាត់បង់ EBA ដោយផ្សាភ្ជាប់ទៅនឹងករណីក្រុមយុវជនខុសច្បាប់ជ្រកក្រោមស្លាក មាតាធម្មជាតិ គឺជាការកេងចំណេញនយោបាយរបស់ក្រុមប្រឆាំង ដែលពួកនេះទទួលបញ្ជាពីជនបរទេស តាមរយៈការផ្តល់លុយកាក់ដោយសម្ងាត់ ដើម្បីធ្វើសកម្មភាពក្បត់នឹងផលប្រយោជន៍ជាតិខ្លួនឯង។ និយាយឱ្យចំក្រុមដែល បង្កឆាកល្ខោនយកបរិស្ថានមកបាំងមុខ និងក្រុមផ្សាយបន្ទរទាមទារយុត្តិធម៌នេះ គឺសុទ្ធតែជាក្រុមតែមួយ ដែលស៊ីឈ្នួលបរទេសដើម្បីបំផ្លាញជាតិខ្មែរ។ ជាមួយគ្នានេះ ក្រុមសហជីពមាននិន្នាការប្រឆាំងនេះហើយដែលមានចេតនាទុច្ចរឹត ចិញ្ចឹមសកម្មភាពញុះញង់ចាក់រុកឆ្កឹះឆ្កៀលដល់ប្រទេសដែលបញ្ជាទិញទំនិញពីកម្ពុជា  កុំឱ្យបន្តជួយទិញទំនិញពីកម្ពុជាទៀត ពួកគេព្រមទាំងមេខ្លោងថែមទាំងធ្លាប់ប្រកាសកុំឱ្យអ្នកវិនិយោគបរទេស មកធ្វើការវិនិយោគនៅកម្ពុជាថែមទៀតផង ដែលនេះជាការបំផ្លាញឆ្នាំងបាយកម្មករ បំផ្លាញសេដ្ឋកិច្ចជាតិ ដែលជាសកម្មភាពគួរឱ្យស្អប់ខ្ពើមបំផុត និងមិនអាចលើកលែងឱ្យបានជាដាច់ខាត៕ 

ដោយ៖ តាំង ករុណា


ចែករំលែក៖