ភ្នំពេញ ៖ បើយោងតាមប្រភព អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ បន្ទាប់ពីជំនួបរវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នេីដល់លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម សុំលេីកលែងទោស និងដោះលែងពលរដ្ឋខ្មែរចំនួន ០២ នាក់ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម ឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
ដោយផ្អែកលេីលទ្ធផលពិភាក្សា ក្នុងជំនួបខាងលេីនេះ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងការវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ភាគីវៀតណាមបានយល់ព្រម លេីកលែងទោស និងបានដោះលែងប្រជាពលដ្ឋខ្មែរ ២រូប និងបានបញ្ជូនវិលត្រឡប់មកប្រទេសវិញ នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះហេីយតាម ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ប្រទេសកម្ពុជា។
ជាមួយគ្នានេះ មន្រ្តីអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានជូនពលរដ្ឋខ្មែរទាំងពីរនាក់នោះដល់ក្រុមគ្រួសារនិងបានត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ០២រូប ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម៕
ដោយ ៖ សិលា