អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » សរសេរដោយបណ្ឌិត ជា មុនីឫទ្ធិ បានផ្សាយថា ៖
សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បានឱ្យដឹងថា ៖ ដោយបង្កើនល្បឿនដំណោះស្រាយបញ្ចប់ភាពក្រីក្ររបស់ប្រជាជនចិន នោះឆ្នាំ១៩៧៨ជាដំណាក់កាលដំបូងនៃការកែទម្រង់និងការបើកចំហសេដ្ឋកិច្ចបានក្លាយជាគីឡូម៉ែត្រចេញដំណើរនៃវិបុលភាពសង្គមឈានឆ្ពោះទៅដោះសោរលេខកូដសម្ងាត់ភាពក្រីក្រទាំងស្រុងដូចដែលបក្សកុម្មុយនិស្តចិនបានសន្យាទុកសម្រាប់រយៈពេល១០០ឆ្នាំដោយរាប់ចាប់ពីថ្ងៃបង្កើតបក្សសម្រាប់បិទបញ្ចប់គោលដៅតស៊ូមួយរយឆ្នាំទីមួយ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បក្សកុម្មុយនិស្តចិននិងប្រជាជាតិចិនទូទាំងប្រទេស ដំណើរការនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិនកាន់តែល្បីរន្ទឺចាប់ពីឆ្នាំ២០២១មក ដែលជាការគូសរំលេចនូវស្នូរជួងឮខ្ទរខ្ទារប្រាប់ដល់ពិភពលោកពីស្ថានភាពជាក់ស្តែងដែលប្រជាជនចិនទាំងមូលបានទទួលនូវកម្រិតជីវភាពរុងរឿងស្របតាមដំណើរនៃការធ្វើទំនើបកម្មតាមបែបផែនចិនបានផ្តល់វិភាគទានដល់ការរៀបចំកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ដែលបានប្រារព្ធកាលពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ដោយបានរំលេចថាភាពបើកទូលាយគឺជានិមិត្តសញ្ញានៃការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏បង្ហាញពីកម្លាំងសាមគ្គីគ្នាកាន់តែខ្លាំងរបស់បក្ស យោធា ប្រជាជនគ្រប់ជនជាតិទាំងអស់ក្នុងប្រទេសចិនក្រោមការដឹកនាំរបស់មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលដើម្បីបន្តជ្រោងទង់កំណែទម្រង់និងបើកទូលាយ។
ដោយបង្កើនការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ផ្តល់នូវវិជ្ជមានភាពចាក់បញ្ចូលទៅក្នុងរបៀបវារៈគោលនយោបាយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ចដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាននូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនៅពាក់កណ្តាលសតវត្សរ៍នេះ ដោយបន្តឈានក្នុងដំណើរយ៉ាងស្វាហាប់ក្នុងសង្គមវិបុលភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាព ដោយបន្ថែមវិធីសាស្រ្តអភិវឌ្ឍយ៉ាងទូលំទូលាយក្នុងការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។
ដោយបន្តដំណើរយ៉ាងស្វាហាប់លើវិថីទំនើបកម្មសង្គមនិយមតាមបែបផែនចិន លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០បានរំលេចពីផែនការច្បាស់លាស់ប្រកបដោយត្រីវិស័យនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ យល់ធ្លុះពីស្ថានភាពជាក់ស្តែង និងដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងការសម្រេចកសាងប្រទេសចិនទំនើបដោយគ្រប់ជ្រុងជ្រោយ ស្របនឹងសុភាសិតបុរាណចិនដែលបានអះអាងថា «អ្នកនឹងបរាជ័យបើអ្នកគ្រាន់តែដឹងពីអ្វីដែលត្រូវធ្វើ តែដោយមិនដឹងពីស្ថានភាពជាក់ស្តែង»។ បើទោះបីជាមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញនៅក្នុងបរិយាកាសអន្តរជាតិក៏ដោយ ក៏ប្រទេសចិននៅតែឈរយ៉ាងរឹងមាំលើការធ្វើទំនើបកម្មតាមបែបផែនចិនជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព និងប្រកាន់ខ្ជាប់គោលនយោបាយការទូតបែបសន្តិភាពដែលឯករាជ្យនិងម្ចាស់ការដោយជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ អនុវត្តគុណតម្លៃរួមនៃមនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល ផ្តួចផ្តើមឱ្យធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក ដែលមានសមភាពនិងមានសណ្តាប់ធ្នាប់ បរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅដល់មនុស្សជាតិ។