ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបេីករថយន្តជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជេីង

ចែករំលែក៖

រាជធានីភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តFord ecosport យ៉ាងលឿនក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ទល់មុខស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់បេីករថយន្តម៉ាក Ford ecosport ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2BD-4093 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពី ជើងទៅត្បូងដោយល្បឿនលឿនទាំងស្ថានភាពស្រវឹង លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យវៀចទ្រង់ទ្រាយអស់ចំនួន១កង់ ព្រមទាំងធ្វើអោយរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ រងការខូចខាតខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ  ។ ភ្លាមៗនោះអ្នកបេីកបររងរបួសតិចតួចត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយទាញចេញពីក្នុងរថយន្ត ហេីយយករថយន្តទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក រង់ចាំប្រគល់ឱ្យផ្នែកជំនាញចរាចរណ៍ចាត់ការបន្ត ។

ក្រោយពេលកេីតហេតុ រថយន្ដរួមទាំងអ្នកបេីកបរត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយ  ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖