ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាសុខភាពអាចធ្វើឱ្យលោក ចូ បៃដិន ទទួលស្គាល់ថាប្រហែលជាត្រូវបោះបង់ចោលការប្រកួត

ចែករំលែក៖

សារព័ត៌មាន Reuters និង New York Times កាលពីថ្ងៃទី១៨ ខែកក្កដា បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចាប់ផ្ដើមទទួលយកគំនិតដែលថារូបលោកនឹងមិនអាចឈ្នះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនោះទេ ហើយប្រហែលជាអាចនឹងត្រូវដកខ្លួនចេញពីការប្រកួត។
New York Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមនុស្សជាច្រើននាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ចូ បៃដិន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ក្នុងចំណោមមនុស្សទាំងនោះ មានមនុស្សម្នាក់បាននិយាយថា លោកប្រធានាធិបតី បៃដិន មិនទាន់បានធ្វើការសម្រេចចិត្តថានឹងដកខ្លួនពីការប្រកួតនោះឡើយ។ តែមនុស្សម្នាក់ទៀតបាននិយាយថា ការពិតនឹងត្រូវលាតត្រដាង ហើយវានឹងមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ប្រសិនបើលោកបៃដិនប្រកាសក្នុងពេលឆាប់ៗនេះពីការគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ជាអ្នកជំនួសកន្លែងរបស់លោក។
ក៏ប៉ុន្តែ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ MSNBC សហប្រធានដឹកនាំក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បៃដិន គឺលោក Cedric Richmond បានអះអាងថាសេចក្ដីរាយការណ៍របស់ New York Times គឺខុសទាំងស្រុង ហើយថាលោកបៃដិនបានបញ្ជាក់រួចហើយថាលោកនឹងបន្តឈរឈ្មោះ។
គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ៨១ឆ្នាំ និងបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កក្រោយឆ្លងកូវីដ-១៩ កំពុងប្រឈមមុខនឹងសម្ពាធ និងការអំពាវនាវកាន់តែច្រើនពីសមាជិកនៅក្នុងជួរគណបក្សប្រជាធិបតេយ្យ ឱ្យរូបលោកដកខ្លួនចេញពីការប្រកួត នៅបន្ទាប់ពីលោក បៃដិន ធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីខែមិថុនាកន្លងទៅ។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ សមាជិកព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋ Montana លោក Jon Tester បានក្លាយជាសមាជិកព្រឹទ្ធសភាទី២ មកពី គណបក្សប្រជាធិបតេយ្យដែលអំពាវនាវឱ្យលោក បៃដិន ដកខ្លួនចេញពីការប្រកួត បន្ទាប់ពីការអំពាវនាវដូចគ្នានេះដែររបស់លោក Peter Welch ជាសមាជិកព្រឹទ្ធសភា អាមេរិកប្រចាំរដ្ឋ Vermont៕ ដោយ៖ ធីរីណា

រូប​ថត​៖ New York Times


ចែករំលែក៖