ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌច្បារអំពៅ ចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១០៤គ្រួសារ នៅសង្កាត់ព្រែកប្រា

ចែករំលែក៖

  ភ្នំពេញ៖ ប្រជាពលរដ្ឋ ១០៤ គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានទទួលប័ណ្ណមូលនិធិសមធម៌  ប័ណ្ណ គ្រួសារងាយរងហានិភ័យ សម្រាប់យកទៅប្រើប្រាស់នៅក្នុងក្រុមគ្រួសារលើសេវាសុខភាព ហើយប្រជាពលរដ្ឋដែលទទួលបានប័ណ្ណមូលនិធិសមធម៍នេះមិនត្រឹមតែពិនិត្យ ព្យាបាលមិនអស់ប្រាក់ប៉ុណ្ណោះទេ  ថែមទាំងទទួលបានសាច់ប្រាក់សុទ្ធទៀតផង ។

     ពិធីចែកប័ណ្ណមូលនិធិសមធម៌ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នឹងមានការចូលរួម លោកស្រី យ៉ែម ស៉ីយ៉ុន ចៅសង្កាត់ព្រែកប្រាស្តីទី  ,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា , ព្រមទាំងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកទទួលប័ណ្ណចំនួន១០៤ គ្រួសារ។ 

      លោកចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា ប័ណ្ណមូលនិធិសមធម៍នេះគឺមានអត្ថប្រយោជន៍ គុណប្រយោជន៍ និងគុណតម្លៃណាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន អ៊ំពូមីង ទាំងអស់គ្នា។ ចំពោះគ្រួសារណាដែលទទួលបានប័ណ្ណមូលនិធិសមធម៍ ពេលមានបញ្ហាសុខភាពទៅពិនិត្យនៅមន្ទីរពេទ្យមិនអស់លុយទេព្រមទាំងទទួលបានសាច់ប្រាក់ទៀត ។ ហើយប័ណ្ណនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលអតីតមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីហើយបច្ចុប្បន្នត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

    លោកអភិបាលខណ្ឌបានបន្តថា បងប្អូន អ៊ំពូមីង នៅតាមមូលដ្ឋានគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ ( ភូមិ-សង្កាត់ មានសុវត្ថិភា ) ដើម្បី សហគមន៍យើងមានសុខសន្តិភាពរស់នៅក្នុងភាពសុខដុមរមនា មិនមានការភ័យខ្លាចដែលបង្កឡើងដោយជនខិលខូចឬមុខសញ្ញាផ្សេងៗ ដូចជាគ្រឿងញៀនចោរកម្ម ក្មេងទំនើងជាដើម ។ 

     ក្នុងនាមអាជ្ញាធរខណ្ឌស្នើសុំឲ្យបងប្អូន អ៊ំពូមីង នៅតាមមូលដ្ឋានពេលជួបមុខសញ្ញាសង្ស័យ , សកម្មភាពក្មេងទំនើង និងមុខសញ្ញាប្រើប្រាស់ឬចែកចាយគ្រឿងញៀន សូមផ្ដល់ព័ត៌មានជាបន្ទាន់ មកអាជ្ញាធរសង្កាត់ខណ្ឌឬសង្កាត់ ដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលា ។ ហើយរាល់ព័ត៌មានរបស់បងប្អូន អ៊ំពូមីង ដែលបានផ្តល់មកអោយ អាជ្ញាធរសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនថែមទាំងការពារសុវត្ថិភាពរបស់បងប្អូនទៀតផង ។

      ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានរំលេចនូវអត្ថប្រយោជន៍ដ៏មហាសាលនៃ ការ បើកការដ្ឋាន ស្ថាបនា ព្រែកជីក ហ្វូណនតេជោ និងជំរុញឲ្យ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សង្កាត់ព្រែកប្រាក៏ដូចជា នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល ត្រូវ ចូលរួម អបអរសាទរអោយបានផុសផុលក្នុងការគាំទ្រ គម្រោងស្ថាបនា ព្រែកជីកហ្វូណនតេជោដែល ផ្តល់សារៈសំខាន់ ធំធេងណាស់ដល់សេដ្ឋកិច្ចជាតិនិង ជា សំណង់ ប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិក៏ដូចជា កូនចៅជំនាន់ក្រោយរបស់យើង ។ 

      ក្នុងនាមអាជ្ញាធរខណ្ឌច្បារអំពៅ សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទាំងអស់សូមកុំជួលផ្ទះឲ្យក្រុមរកស៊ីបើក ល្បែងអនឡាញ ឆ្នោតឡូតូ និងល្បែងស៊ីសងផ្សេងៗ ទៀត ។ ល្បែងស៊ីសងទាំងអស់នោះត្រូវបាន ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យលុបបំបាត់ខាងតែបាន នៅទូទាំងប្រទេស មិនថាតែនៅក្នុងខណ្ឌច្បារអំពៅប៉ុណ្ណោះទេ ។ ដូច្នេះសូមបងប្អូនទាំងអស់រស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ចខណ្ឌ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីឲ្យបានម៉ឺងម៉ាត់បំផុត ៕

ដោយ៖ សណ្តោស


ចែករំលែក៖