ភ្នំពេញ៖ សាច់បង្កក និងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន ត្រូវបានមន្ត្រីជំនាញ ក.ប.ប. សហការជាមួយមន្ត្រីគយតំបន់១ ចុះបង្ក្រាបនិងដកហូតបានយកមកធ្វើការដុតកម្ទេចចោល។ នេះបេីយោងមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
មន្រ្តីជំនាញ (ក.ប.ប.) បានឱ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញ (ក.ប.ប.) រាជធានីភ្នំពេញ បានសហការជាមួយ មន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា ចុះបង្ក្រាបផលិតផលសាច់បង្កក និងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន ដែលជាទំនិញល្មើសនឹងសេចក្តីប្រកាសជូនដំណឹង ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុងបង្កក និងបំណែកសាច់បង្កក ដើម្បីធ្វើការដុតកម្ទេចចោល និងចាត់វិធានការទៅតាមនីតិវិធី។
ទំនិញទាំងនោះ រួមមាន៖ ចុងស្លាបមាន់ ទម្ងន់ ២,១៩០គីឡូក្រាម និងពោះវៀនជ្រូក ទម្ងន់ ១,០០៥គីឡូក្រាម (សរុប ៣,១៩៥គីឡូក្រាម) ដែលបាននាំចូលពីប្រទេសហូឡង់ និងប្រទេសចិន។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមន្ត្រីជំនាញបានពន្យល់ ណែនាំអំពីនីតិវិធី និងផលប៉ះពាល់នានារួចមក ម្ចាស់ទំនិញបានឯកភាពឱ្យដុតកម្ទេចចោលនូវផលិតផលសាច់បង្កក និងគ្រឿងក្នុងទាំងនោះ ដោយការដុតកម្ទេចចោលនេះ បានធ្វើឡើងនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ៕
ដោយ៖ តារា