ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអង់គ្លេសបានអញ្ជើញលោក Zelensky មកប្រជុំគណៈរដ្ឋមន្ត្រី ធ្វើឱ្យរុស្ស៊ីប្រតិកម្មយ៉ាងខ្លាំង

ចែករំលែក៖

ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងដ៍បានប្រតិកម្មបន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឱ្យចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអង់គ្លេសដែលជាកិត្តិយសដ៏កម្រសម្រាប់មេដឹកនាំបរទេស។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងសុន្ទរកថាប្រវត្តិសាស្ត្រក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអង់គ្លេស ដោយបន្តអំពាវនាវរកមីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈដែលចក្រភពអង់គ្លេសបញ្ជាក់ការគាំទ្រយ៉ាងមុតមាំចំពោះអ៊ុយក្រែន។ វាគឺជាលើកដំបូងហើយដែលមេដឹកនាំបរទេសម្នាក់បានថ្លែងនៅក្នុងកិច្ចប្រជុំបែបនេះ ចាប់តាំងពីប្រធានាធិបតីអាមេរិក Bill Clinton ក្នុងឆ្នាំ១៩៩៧។
នាឱកាសនោះ លោក Zelenskiy បានជំរុញឱ្យចក្រភពអង់គ្លេសបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តឱ្យដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលទាំងនេះ។ បច្ចុប្បន្ននេះ សមាជិក NATO មានគោលការណ៍ផ្សេងៗគ្នាទាក់ទងនឹងរបៀបដែលអ៊ុយក្រែនអាចប្រើប្រាស់អាវុធដែលបានបរិច្ចាគ ដែលអ្នកខ្លះអនុញ្ញាតឱ្យមានការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលអ្នកផ្សេងទៀតដាក់កម្រិតការប្រើប្រាស់របស់វា ចំពោះគោលដៅយោធានៅក្នុងអ៊ុយក្រែនប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឆ្លើយតបដោយបញ្ជាក់ការគាំទ្រយ៉ាងមុតមាំរបស់ចក្រភពអង់គ្លេសចំពោះអ៊ុយក្រែន ដោយសន្យាថានឹងពន្លឿនការផ្តល់ជំនួយ និងបញ្ជាក់ថា ការផ្លាស់ប្តូររដ្ឋាភិបាលនឹងមិនប៉ះពាល់ដល់ជំនួយដល់អ៊ុយក្រែនឡើយ។ ចក្រភពអង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីលើនាវាដែលដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរំខានដល់សេដ្ឋកិច្ចរុស្ស៊ី និងការគាំទ្រដល់សង្គ្រាមផងដែរ។
លើសពីនេះ សន្ធិសញ្ញាគាំទ្រការនាំចេញការពារជាតិថ្មីមួយត្រូវបានចុះហត្ថលេខា ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទាញយកហិរញ្ញវត្ថុនាំចេញចំនួន ៣.៥ ពាន់លានផោន (៤.៥ពាន់លានដុល្លារ) ដើម្បីពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួននិងជំរុញផលិតកម្ម។
ដំណើរទស្សនកិច្ចរបស់ លោក Zelenskiy ទៅកាន់ចក្រភពអង់គ្លេស ដែលជាម្ចាស់ផ្ទះនៃវេទិកាមេដឹកនាំអឺរ៉ុបនៅវិមាន Blenheim បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនក្នុងការស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច និងបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី៕ ដោយ៖ ធីរីណា

រូប​ថត៖ Getty Images


ចែករំលែក៖