ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ បានទទួលជួបជាមួយ លោក Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Felipe de la Morena ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអេស្ប៉ាញ, លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានបេសកកម្មសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្មអាល្លឺម៉ង់, ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគអេស្ប៉ាញ, ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអេស្ប៉ាញ, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា ដើម្បីបូកសរុបលទ្ធផលនៃដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ ដែលបានប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ និងពិភាក្សាលើកទិសដៅបន្តចំពោះមុខ។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយពេលគណៈប្រតិភូកម្ពុជា បានអញ្ជើញមាតុភូមិនិវត្តន៍ពីប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ បានប្រកបដោយភាពជោគជ័យ ផ្លែផ្កា និងមានបច្ច័យវិជ្ជមាន ពីដំណើរទាក់ទាញវិនិយោគិនក្នុងតំបន់អឺរ៉ុប ដែលប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។ ច្រើនជាង ៤០ក្រុមហ៊ុន ពីប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ មានអាទិ៍ដូចជាក្រុមហ៊ុន BOSCH, ក្រុមហ៊ុន Acciona Energía, ក្រុមហ៊ុន INSUD PHARMA, ក្រុមហ៊ុន Memmert, ក្រុមហ៊ុន UVEX, ក្រុមហ៊ុន MELIA GROUP, ក្រុមហ៊ុន TALGO និងក្រុមហ៊ុនធំៗជាច្រើនទៀត ត្រូវបានជួបពិភាក្សាការងារដោយគណៈប្រតិភូកម្ពុជា ទាំងក្នុងទម្រង់វិស័យឯកជនទៅវិស័យឯកជន(B2B) និងវិស័យឯកជនទៅវិស័យរដ្ឋ(B2G)។
ទទួលបានលទ្ធផលដ៏មានផ្លែផ្កា និងការកោតសរសើរពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរៀបចំឱ្យមានដំណើរបេសកកម្មនេះកើតមានឡើង លោកឯកអគ្គរាជទូតអេស្ប៉ាញ បានជម្រាបជូនតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយផងដែរ អំពីដំណើទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនធំៗដែលមានចំណាប់អារម្មណ៍ខ្ពស់ចំពោះកម្ពុជា ដោយគ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ នាកំឡុងខែតុលា ឆ្នាំ២០២៤ខាងមុននេះ។
សូមជម្រាបថា ក្រៅអំពីដំណើរទស្សនកិច្ចរបស់វិស័យឯកជនមកកម្ពុជា និងលទ្ធផលដ៏ល្អប្រសើរនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានគម្រោងនឹងបំពេញបេសកកម្មជាថ្មីម្ដងទៀត ទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប អាមេរិក និងអាស៊ី នៅមុនបំណាច់ឆ្នាំ២០២៤នេះ៕
ដោយ៖ តារា