ភ្នំពេញ៖ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញក្នុងពិធីកាត់វិញ្ញាសានៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល សម្រាប់ការ ប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា វេនទី៥។
ពិធីនេះចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។
ថ្ងៃនេះបេក្ខជន ៨,២៩៩នាក់ មកពីបណ្តាខេត្តចំនួន៤ ក្នុងនោះមានខេត្តកំពង់ចាម, ខេត្តក្រចេះ, ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើស រើសគ្រូបង្រៀននៅបឋមសិក្សា លើវិញ្ញាសា សរសេរលើកទី១ ដើម្បីជ្រើសសម្រាំងបេក្ខជន។ ការប្រឡង ប្រជែងនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ វេនទី៥-៦-៧-៨ ដែលបន្តពីវេនទី១-២-៣-៤ កាលពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៤ សប្តាហ៍មុន។
សម្រាប់ថ្ងៃទី២០ និង២១ ខែកក្កដា ឆ្នាំ២០២៤ គឺបែង ចែកជា២មណ្ឌលមានមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងនោះវេនទី៥៖ មានបេក្ខជនមកពីខេត្តកំពង់ចាម ក្រចេះ ចាប់ពីម៉ោង១២:០០នាទី ដល់ម៉ោង១៤:០០នាទី ,និងវេនទី៦៖ មានបេក្ខជនមកពីខេត្តត្បូងឃ្មុំ កំពង់ធំ ចាប់ពីម៉ោង ១៦:០០នាទី ដល់ម៉ោង១៨:០០នាទី៕
ដោយ៖ សូរិយា