ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យសមាជិកជាសិក្ខាកាមរបស់គណបក្សប្រជាជនត្រូវឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៏មានក្លែងក្លាយ ជាមួយបច្ចាមិត្រក្នុងបរិបទឌីជីថល(Digital) និងតាមឱ្យទាន់ការវិវឌ្ឃសភាពការណ៍ចំពោះព័ត៌មានក្លែងក្លាយ,ញុះញង់ វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឱ្យ ទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ ពិសេសក្នុងបរិបទDigitalនេះ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈដែលឯកឧត្ដមចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អប់រំ នយោ បាយនៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមាជិកចូលរួមចំនួន១៣៣នាក់។
ឯកឧត្ដមបានបញ្ជាក់ថា៖ អស់លោក លោកស្រីសុទ្ធតែជាឃោសនិកឆ្នើម (សមាជិកសំខាន់ឆ្នើមក្នុងពេលឃោសនាបោះឆ្នោតខាងមុខ) របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅពីគោល នយោបាយរបស់គណបក្សដែលជាកម្លាំងនយោបាយតែមួយគត់ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។
ឯកឧត្ដម ឃួង ស្រេង បានក្រើនរំលឹកដល់សមាជិក សមាជិកទាំងអស់ត្រូវរំលេចឱ្យ ឃើញពីវីរភាពដ៏មានតម្លៃគ្មាន២របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអាណត្តិទី៦ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានយកជីវិតធ្វើដើមទុនប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិនិងប្រជាជនគ្រប់ដំណាក់កាលនៃដំណើរការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកំពុងបន្តតាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងនាមជាយុវជនជំនាន់ក្រោយដែលពោរពេញដោយភាពស្វាហាប់,មានចំណេះដឹងនិងមានការប្តេជ្ញាចិត្តខ្ពស់តាមរយះការដាក់ចេញនូវកម្មវិធីនយោបាយបញ្ជកោណដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍន៍។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ជាទូទៅបណ្តាប្រទេសលើលោក គោលនយោបាយរបស់គេគឺផ្តើមចេញពីគោលនយោបាយរបស់គណបក្សដែលឈ្នះឆ្នោត ហើយនយោបាយរបស់ប្រទេសមួយមិនអាចយកនយោបាយរបស់ប្រទេសមួយផ្សេងទៀតមកធ្វើតាមដូចចាក់ពុម្ពនោះបានដែរ។ បងប្អូនអាចមើលឃើញហើយ ពីមហិច្ឆតាចង់បានអំណាចរបស់ពួកអមិត្រឬក្រុមប្រឆាំង គេហ៊ានធ្វើអ្វីៗគ្រប់ទម្រង់។ យ៉ាងណាមិញដូចក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ.១៩ គេអំពាវនាវកុំឱ្យប្រជាជនទៅចាក់វ៉ាក់សាំងចិន ព្រោះជាវ៉ាក់សាំងគេយកមកពិសោធន៏ យកមកសម្លាប់ប្រជាជនជាដើម។ មានន័យថា គេយកជីវិតប្រជាពលរដ្ឋមកលេងសើចមកធ្វើជំនួញនយោបាយដោយអគតិបំផុត ។
ឯកឧត្ដម ឃួង ស្រេង បានរំលេចឲ្យឃើញពីការរីកចម្រើន ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងរយៈពេល៩ខែដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនិងមានការសាទរជាអន្តរជាតិក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូលផងដែរ ៕
ដោយ ៖ សំរិត