ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​៖​ ទិដ្ឋភាពបច្ចុប្បន្នភាពកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ) នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងគម្រោងថែទាំ ជួសជុលប្រចាំ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ និង​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ទិដ្ឋភាពបច្ចុប្បន្នភាពកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ) នៅថ្ងៃទី២០ ខែកក្កដានេះ ស្ថិតក្នុងគម្រោងថែទាំ ជួសជុលប្រចាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដើម្បីធានាការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ 

សូមជម្រាបជូនថា​ គិតត្រឹមថ្ងៃទី១៩ ខែកក្កដាម្សិលមិញនេះ​ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាជាង១០ថ្ងៃមកហើយ ធ្វើឱ្យកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលរងការខូចខាតស្រាប់ផងនោះ កាន់តែពិបាកក្នុងដំណើរការជួសជុល ថែទាំ ជួសជុលប្រចាំ ក៏ប៉ុន្តែស្ថានភាពចរាចរណ៍នៅដំណើរការធម្មតា។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នឹងចេញគ្រឿងចក្រដើម្បីបន្តថែទាំ ជួសជុលប្រចាំ ពេលដាច់គ្រាប់ភ្លៀង ដើម្បីធានាការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម និងប្រើប្រាស់ថេរវេលាក្រោមមួយម៉ោង ដើម្បីឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកនេះ ទំរាំឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល និងស្ថានភាពដ៏លំបាកនេះ៕

ដោយ​៖ តារា​


ចែករំលែក៖