ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីជិះម៉ូតូទៅបន្ទប់ជួលអតីតប្រពន្ធ ហើយឃើញ នាំប្រុសថ្មីមកចូលដេកក្នុងបន្ទប់ ទ្រាំមិនបានក៏ទាញកូនកាំបិតចាក់ស្លាប់ប្រពន្ធ រីឯបុរសជាសង្សាររងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨:៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខC26 ក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ស៊ាន សាវឿង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះចំនួន០២នាក់ ទី១.ឈ្មោះ ឈិន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាលបានស្លាប់នៅនឹងកន្លែង។ ទី២.ឈ្មោះ សាំង គឹមសាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា ស្នាក់នៅផ្ទះជួលក្នុងសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ រងរបួសធ្ងន់។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះឈ្មោះ ឈិន ស្រីនាង ជាអតីតប្តីប្រពន្ធនឹងគ្នា និងមានកូន០៤នាក់ ប្រុស០២នាក់ ស្រី០២នាក់ ហើយបានចុះសំបុត្រអាពាហ៍ពិពាហ៍បានយ៉ាងត្រឹមត្រូវ។ ក្រោយមកដោយរស់នៅជាមួយគ្នាមិនចុះសម្រុងខាងប្រុសក៏បានទៅសុំលែងលះគ្នាជាមួយប្រពន្ធត្រឹមមេភូមិបានរយៈពេល០៣ខែ តែនៅមានការទាក់ទងគ្នាតាមទូរស័ព្ទ (ឆាត) និងធ្លាប់បានរួមភេទជាមួយគ្នាជាច្រើនដង នៅផ្ទះសំណាក់ ដោយមិនឱ្យម្តាយខាងស្រីដឹងទេ។ បន្ទាប់មក មុនពេលកើតហេតុមួយសប្តាហ៍ ជនរងគ្រោះបានទូរស័ព្ទទៅប្រាប់ជនសង្ស័យថា ខ្លួនបានទៅដើរលេងជាមួយមិត្តភក្តិនៅខេត្តកំពង់ឆ្នាំង មានគ្នាចំនួន០៥នាក់ (ស្រី០៣នាក់ និងប្រុស០២នាក់) ចេញដំណើរនៅម៉ោង០៧:០០នាទីព្រឹក រហូតដល់ម៉ោង២២:០០នាទី បានមានមនុស្សប្រុសម្នាក់ឌុបជនរងគ្រោះមកដល់ផ្លូវចូលបន្ទប់ជួលវិញ។ ឃើញដូច្នេះជនសង្ស័យបានជិះម៉ូតូទៅបន្ទប់ជួលនៅភូមិទួលពង្រវិញ។ លុះមួយសប្តាហ៍ក្រោយមក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៧យប់ ជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BT-4705 ចេញពីបន្ទប់ជួលនៅភូមិទួលពង្រ បំណងទៅបន្ទប់ជួលជនរងគ្រោះនៅសង្កាត់ស្វាយរលំ ដោយដាក់កូនកាំបិតចុងស្រួចនៅក្នុងកាបូប បំណងគិតថា បើប្រពន្ធលួចលាក់មានប្រុសថ្មីនឹងចាក់សម្លាប់ប្រុសស្នេហ៍នោះតែម្តង។
រហូតមកដល់ម៉ោងកើតហេតុ ជនសង្ស័យបានទៅដល់បន្ទប់ជួលរបស់ជនរងគ្រោះ ក៏បានឃើញទ្វារបន្ទប់បិទខ្ទាស់គន្លឹះបិទភ្លើងងងឹតឈឹង ជនសង្ស័យបានទៅគោះទ្វារ ភ្លាមនោះជនរងគ្រោះបានបើកភ្លើងភ្លឺ បន្ទាប់មកជនរងគ្រោះឈ្មោះ សាំង គឹមសាត ភេទប្រុស អាយុ៣៩ឆ្នាំ (ប្រុសស្នេហ៍)របស់ជនរងគ្រោះបានដើរទៅអើតមើលតាមចន្លោះទ្វារឃើញជនសង្ស័យក៏ដើរថយក្រោយ។ បន្ទាប់មកជនរងគ្រោះជាអតីតប្រពន្ធបានទៅបើកទ្វារឱ្យជនសង្ស័យ ហើយជនសង្ស័យបានដើរចូលទៅខាងក្នុងបន្ទប់ដោយដកយកកាំបិតពីក្នុងកាបូបមកចាក់ប្រុសស្នេហ៍ត្រូវមួយកាំបិតចំត្រង់ពោះនិងដៃ។ ឃើញដូច្នេះជនរងគ្រោះជាប្រពន្ធបានស្ទុះទៅពាំងពីមុខជនរងគ្រោះឈ្មោះ សាំង គឹមសាត ជនសង្ស័យក៏បានយកកាំបិតចាក់ជនរងគ្រោះជាអតីតប្រពន្ធចំពោះជាច្រើនកាំបិតនិងចាក់ចំកចំនួន០២កាំបិត ដួលស្លាប់នៅនឹងកន្លែងតែម្តង។ ឃើញដូចនេះជនរងគ្រោះឈ្មោះ សាំង គឹមសាត ក៏បានរត់ចេញស្រែកឱ្យគេជួយ ទើបបានមួយសន្ទុះក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំបានចុះមកដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចុងស្រួចចាក់សម្លាប់ជនរងគ្រោះជាប្រពន្ធ និងប្រុសស្នេហ៍របស់ប្រពន្ធរងរបួសធ្ងន់ ដោយសារខ្លួនខឹងអតីតប្រពន្ធលួចផិតមានប្រុសថ្មីយកមកដេកនៅក្នុងបន្ទប់ជួលប្រាកដមែន។ តាមការសន្និដ្ឋាន និងយោងតាមលោកគ្រូពេទ្យ និងមន្ត្រីជំនាញ គឺជនរងគ្រោះស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរនៅលើបំពង់កនិងលើទ្រូងដោយចាក់នឹងកាំបិត។ ក្រោយពិនិត្យនិងធ្វើកំណត់ហេតុរួច សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕
ដោយ៖ ជ្រោយពេជ្រ