ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល បានកំណត់យ៉ាង ច្បាស់អំពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ។
ឯកឧត្ដម បានបញ្ជាក់បែបនេះ ក្នុងពិធី អបអរសាទរពិធីបុណ្យរុក្ខទិវា៩កក្កដា ឆ្នាំ២០២៤ និងចែកកូនឈើជូនប្រជាពលរដ្ឋ និងដាំកូនឈើចំនួន២៦៨ដើម ដែលប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ព្រៃឈើសត្វព្រៃស្ថិត ក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ក្មួយៗប្អូនៗយុវជន,យុវនារីទាំងអស់ ត្រូវស្រឡាញ់ និងចូលរួមដាំកូនឈើឱ្យបានច្រើន ពិសេសថែទាំ និងគាំទ្រ រុក្ខជាតិ ដើម្បីបង្កើនបរិយាកាសធម្មជាតិឱ្យកាន់ស្រស់បម្រង់ ឡើងបន្ថែមទៀត ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៏ថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីអា ណត្តិទី៧ បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើដែល មិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយដោយបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវការគ្រប់គ្រងធនធានធម្មជាតិសំដៅរក្សា តុល្យភាពរវាងការអភិវឌ្ឍន៏ និងការអភិរក្ស ពិសេសលើកកំពស់វិភាគទាននៃធនធានធម្មជាតិ ក្នុងនោះយុទ្ធសាស្ត្របញ្ជកោណដំណាក់ កាលទី១ត្រង់ចំណុច បញ្ជកោណទី៤ មុំទី២។ជាមួយគ្នានេះរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តកំណែ ទម្រង់វិស័យព្រៃឈើ សំដៅឈានទៅរកការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាពនិងសមធម៏ស្របតាមកម្មវិធីព្រៃឈើជាតិ២០១០.២០២៩ពិសេសតាម រយះការកំណត់ព្រំប្រទល់.ចំណាត់ថ្នាក់ ការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៏ ការអភិរក្សធនធានព្រៃឈើ និងជីវៈចំរុះព្រមទាំងការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ចល្អក្នុងវិស័យនេះ។
ឯកឧត្ដម ក៏បានស្នើឱ្យប្រជាពលរដ្ឋត្រូវបន្តគាំទ្រចំពោះគម្រោងព្រែក ជីកហ្វូណន.តេជោជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥សីហា ឆ្នាំ២០២៤ខាងមុខនេះក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីព្រោះថា ការសាងសង់ព្រែកជីកហ្វូណន, តេជោនេះគឺដើម្បីផលប្រយោជន៏ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជាដូច្នេះយើងត្រូវចូលរួមគាំទ្រឲ្យិក្លាយទៅជាមហាចលនាជាតិខ្មែរតែមួយដើម្បីអោយសមិទ្ធិផលនេះលេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ។
ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវក៏បានអញ្ជើញដាំដើមឈើជានិមិត្តរូប ព្រមទាំងចែកកូនឈើចម្រុះដល់ អង្គភាព, អាជ្ញាធរខណ្ឌទាំង១៤ដើម្បីយកទៅដាំបន្តតាមមូលដ្ឋានរៀងៗខ្លួនផងដែរ ។
លោកចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់ការរៀបចំពិធីដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០២៤នេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទរាជធានីភ្នំពេញ ទទួលបានការ ឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញយើងបានដាំដើមឈើនៅទីតាំងប្រារព្វពិធីមានចំនួន២៦៨ដើមជាប្រភេទឈើធ្នង់ ក្រៅពីនេះនៅបានដាំ៣៨៩៣ដើមផ្សេងទៀតនៅតាមបណ្តាទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញមានដូចជា៖ឈើក្រញ៉ូង,នាងនួន,បេង,ធ្នង់,ក្ងោក,ឥន្ទនេល,ច្រេស,សាគូរ៉ា,ត្រយឹង,ចន្ទន៏គ្រឹះស្នា,ម្រះព្រៅ ភ្នំ,រាំងទឹក,គគី,ឈើ ទាល,ដើមលៀប,ដើមខិតបណ្ណ័,ដើមគ្រាប់បែកនិងដើមអំពិលបារាំងជាដើម។លោកប្រធានមន្ទីរបានអោយដឹងទៀតថា៖គិតត្រឹមខែកក្កដាឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានចែកកូនឈើចម្រុះដល់អង្គ ភាពសាលារៀន វត្តអារាម និងជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំសរុបចំនួន ២៣៥០ដើម ៕
ដោយ ៖ សំរិត