ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នៅទីស្តីការ ក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជូនដំណើរ និងលើកទឹកចិត្តប្រតិភូកីឡាកម្ពុជាដែលត្រូវទៅចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ប្រតិភូកីឡាចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាអត្តពលកម្ម កីឡាករជម្រើសជាតិអត្តពលកម្ម និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ២០នាក់។
មុនឈានដល់កិច្ចសំណេះសំណាល អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរាយការណ៍ជូនអង្គពិធី អំពីរបាយការណ៍ និងស្ថានភាពនៃការត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស។
ថ្លែងក្នុងឱកាសនេះបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំភើបរីករាយដែលកីឡាករខ្មែរចំនួន ៣រូបបានឆ្លងកាត់ការវាយតម្លៃស្តង់ដាកម្រិតសមត្ថភាពជាប់ទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី ៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំងនាពេលនេះ។ ការចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម គឺជាក្តីប្រាថ្នារបស់កីឡាករគ្រប់រូប ដែលនេះជាកិត្តិយសសម្រាប់កីឡាករ និងប្រទេសជាតិ ដូច្នេះសូមឱ្យកីឡាករទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងគោរពបទបញ្ជាការ ប្រកួត គោរពការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល-ចៅក្រម គោរពគោលការណ៍របស់កីឡាអន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ អរិយធម៌ល្អ សុជីវធម៌ល្អជាពលរដ្ឋកម្ពុជា និងជាតំណាងប្រទេសជាតិ។
ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អត្តពលិក ឱ្យចាប់យកឱកាសនេះ សង្កេត និងរៀនសូត្របន្ថែមដើម្បីបន្តពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា និងសំខាន់បំផុត ត្រូវយកចិត្តទុកដាក់លើការរៀបចំខ្លួនឱ្យមានសុវត្ថិភាពល្អក្នុងការចូលរួម និងការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព ហើយទន្ទឹមនឹងខិតខំប្រឹងប្រែងដណ្តើមយកមេដាយ ឬជ័យលាភី សូមជូនពរឱ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ជោគជ័យក្នុងបំបែកឯកទគ្គកម្មខ្លួនឯងផងដែរ។
គួរបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤នេះ ប្រតិភូកីឡាករ កីឡាការិនីកម្ពុជា នឹងចាកចេញទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិក ២០២៤ ដែលឆ្នាំនេះ កម្ពុជាមានអត្តពលិក ៣រូបចូលរួមប្រកួត ក្នុងនោះមានអត្តពលកម្ម ១នាក់ និងហែលទឹក ២នាក់។
សូមចូលរួមគាំទ្រ និងជូនពរដល់ ឣត្តពលិកទាំង ៣រូបរបស់កម្ពុជា ដែលត្រូវចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ៕
ដោយ៖ សូរិយា