ខេត្តរតនគិរី៖ លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លងនិងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋនៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីចំនួន១៧នាក់ ត្រូវបានដឹកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ បន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាងយកមកធ្វើម្ហូបទទួលទាន។
លោកវេជ្ជបណ្ឌិតបន្តថា ក្នុងចំណោមអ្នកជំងឺសរុប១៧នាក់(មានស្រី៤នាក់ក្មេង១នាក់)បានចូលមកមន្ទីរពេទ្យ ជាបន្តបន្ទាប់ចាប់ពីម៉ោង១ឆ្លងចូលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ ដោយអាការរាក ក្អួត ចុកពោះខ្លាំង។ ក្នុងចំណោមអ្នកទាំង១៧នាក់នេះ មានក្មេងម្នាក់បានរាកក្អួតខ្លាំង ខាងមន្ទីរពេទ្យបង្អែកស្រុកបរកែវ បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកអ្នកទាំង ១៦នាក់ ដែលនៅសល់ ក្រោយបានទទួលការព្យាបាល ពួកគាត់មានអាការៈធូរស្រាលហើយ កំពុងពិនិត្យព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ៕
ដោយ៖ សូរិយា