ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកចេញមុខរិះគន់ ICJ ថាអ៉ីស្រាអែលនៅលើដែនដីប៉ាឡេស្ទីន គឺខុសច្បាប់

ចែករំលែក៖

សារព័ត៌មាន Reuters សហរដ្ឋអាមេរិក បានរិះគន់ភាពទូលំទូលាយនៃមតិយោបល់របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលថាការកាន់កាប់របស់អ៉ីស្រាអែលលើទឹកដែនដីប៉ាឡេស្ទីនគឺជារឿងខុសច្បាប់ ហើយមានតែបន្ថែមភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងដោះស្រាយជម្លោះតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅក្នុងសារអេឡិចត្រូនិក ឬ email កាលពីថ្ងៃទី២០ ខែកក្កដា បានលើកឡើងដូច្នេះថា «យើងទទួលស្គាល់ថា គម្រោងរបស់រដ្ឋាភិបាលអ៉ីស្រាអែលគំាទ្រដល់ការតាំងទីលំនៅ គឺមិនអនុលោមតាមច្បាប់អន្តរជាតិនិងបង្កឧបសគ្គដល់បុព្វហេតុសន្តិភាព។ តែទោះជាបែបនេះក្ដី យើងមានការព្រួយបារម្ភថា ភាពទូលំទូលាយនៃមតិយោបល់របស់តុលាការ (ICJ)​ នឹងបន្ថែមភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះ»។

គួរបញ្ជាក់ថា តុលាការ ICJ កាលពីថ្ងៃសុក្រកន្លងទៅនេះ បាននិយាយថា ការត្រួតត្រាអស់រយៈពេល​រាប់ទសវត្សរ៍មកហើយរបស់អ៉ីស្រាអែលលើដែនដីប៉ាឡេស្ទីន គឺជាទង្វើខុសច្បាប់អន្តរជាតិ ហើយចាំបាច់ត្រូវតែបញ្ឈប់ឱ្យបានឆាប់រហ័ស។ អ៉ីស្រាអែលបានកាន់កាប់តំបន់ West Bank, Gaza Strip និង East Jerusalem ដែលជាដែនដីប៉ាឡេស្ទីនចង់បង្កើតជា​រដ្ឋឯករាជ្យមួយ អំឡុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ហើយចាប់តាំងពីពេលនោះមក អ៉ីស្រាអែលបានសង់ទីលំនៅជនជាតិជ្វីហ្វក្នុងតំបន់ West Bank ហើយបានពង្រីកការសាងសង់ជាលំដាប់។

បណ្តាមេដឹកនាំអ៉ីស្រាអែលបានប្រកែកថា ដែនដីទាំងនោះមិនមែនស្ថិតក្រោមការត្រួតត្រាឡើយ បើនិយាយតាមផ្លូវច្បាប់ ដ្បិតពួកវាជា​ដីដែលមានបញ្ហាវិវាទ។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងប្រទេសភាគច្រើនក្នុងសហគមន៍អន្តរជាតិ ចាត់ទុកថា ដែនដីទាំងនោះគឺជាដែនដីរបស់ប៉ាឡេស្ទីន ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល៕ ដោយ៖ ធីរីណា

រូប​ថត​៖  CAO


ចែករំលែក៖