ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគសេដ្ឋកិច្ចអន្តរជាតិ ៖ ការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេសរបស់ប្រទេសចិននឹងបញ្ចេញភាគលាភកាន់តែច្រើនឡើងៗទៅកាន់ពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ “ចំណុចសំខាន់មួយនៃកិច្ចប្រជុំលើកនេះគឺពង្រីកការបើកចំហដោយកម្រិតខ្ពស់របស់ប្រទេសចិន និងជំរុញការអភិវឌ្ឍជាសាកល” ទាក់ទិននឹងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កាសែត«Helsinki Times» របស់ប្រទេសហ្វាំងឡង់បានផ្តោតការយកចិត្តទុកដាក់ដល់ចំណុចនេះ។ ជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ ថ្ងៃទី២១ខែកក្កដា «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើកំណែទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនថែមមួយកម្រិតទៀត» ដែលត្រូវពិនិត្យពិភាក្សានិងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកនេះបានចេញផ្សាយទាំងស្រុង ក្នុងនោះ បានធ្វើការរៀបចំចាត់ចែងពិសេសចំពោះការបើកចំហចំពោះបរទេស ដោយលើកឡើងថា ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកចំហចំពោះបរទេស ប្រកាន់ខ្ជាប់នូវការជំរុញកំណែទម្រង់តាមរយៈការបើកចំហរ ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហដែលប្រកបដោយកម្រិតកាន់តែខ្ពស់។

គេហទំព័រ «CCFR China state-controlled media » ដដែលបានបន្តថា ៖ ការបើកចំហគឺជានិមិត្តសញ្ញាយ៉ាងច្បាស់លាស់នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ការបើកចំហរបស់ប្រទេសចិនទទួលបាននូវសមិទ្ធផលកាន់តែច្រើនឡើង។ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ជាប្រទេសធំទីមួយខាងពាណិជ្ជកម្មទំនិញសកលក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា ការវិនិយោគចំពោះបរទេសបានឈរនៅលំដាប់៣លេខខាងមុខលើពិភពលោកក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា ហើយលំហូរមូលធនបានគ្របដណ្តប់ប្រទេសនិងតំបន់ចំនួន១៥៥ ការរួមបញ្ចូលគ្នារវាងចិននិងពិភពលោកមានកម្រិតយ៉ាងស៊ីជម្រៅដែលមិនធ្លាប់មានកាលពីមុន។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំកំពុងពន្លឿនទៅមុខ ឯកតោភាគីនិយមនិងការពារនិយមកំពុងងើបឡើងវិញ ហើយការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងជួបប្រទះចរន្តបញ្ច្រាស ការបើកចំហរឹតតែក្លាយជា”ទំនិញកម្រ”ថែមទៀត។ ប្រឈមមុខនឹងបញ្ហាពិបាកនៃការអភិវឌ្ឍរួមគ្នារបស់មនុស្សជាតិ និងបដិវត្តន៍បច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មជុំថ្មី ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការជំរុញការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេស មិនត្រឹមតែបានមកពីការអនុវត្តដោយជោគជ័យនៃការជំរុញកំណែទម្រង់និងអភិវឌ្ឍន៍តាមរយៈការបើកចំហប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើដ៏ចាំបាច់នៃការចាប់ជាប់ក្បួនច្បាប់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការសម្របទៅតាមចរន្តយុគសម័យទៀតផង ហើយវាកាន់តែបង្ហាញពីការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវក្នុងការចែករំលែកឱកាសជាមួយពិភពលោក។

គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ អ្វីដែលប្រទេសចិនបានចែករំលែកជាមួយពិភពលោក ជាបឋមគឺជាទីផ្សារទ្រង់ទ្រាយធំ។ កិច្ចប្រជុំពេញអង្គបានលើកឡើងថា ត្រូវពឹងផ្អែកលើឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់សមត្ថភាពបើកចំហក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះមានន័យថា ប្រទេសចិនកំពុងខិតខំប្រឹងប្រែងបើកចំហឱ្យកាន់តែទូលំទូលាយ និងធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិនក្លាយទៅជាទីផ្សារធំដែលអាចចែករំលែកជាមួយពិភពលោក។នេះបានធ្វើឱ្យសហគ្រាសពហុជាតិជាច្រើនពោរពេញទៅដោយការរំពឹងទុក។

អ្វីសំខាន់ជាងនេះទៅទៀត គឺក្បួនច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិនកំពុងតភ្ជាប់ជាមួយអន្តរជាតិជាបណ្តើរៗ ដើម្បីសម្របទៅនឹងលក្ខខណ្ឌនៃការកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហដែលប្រកបដោយកម្រិតកាន់តែខ្ពស់។មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា នេះមានន័យថា ថ្លៃដើមនៃអាជីវកម្មលក្ខណៈជាប្រព័ន្ធនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត ពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិនឹងមានភាពកាន់តែសេរីនិងងាយស្រួល ប្រទេសចិននឹងរួមបញ្ចូលក្នុងសេដ្ឋកិច្ចអន្តរជាតិដោយកាន់តែសកម្ម ដែលធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិនក្លាយជាឱកាសដ៏ធំមួយរបស់ពិភពលោក។

ការពង្រីកការបើកចំហចំពោះបរទេស មិនត្រឹមតែ“អញ្ជើញឱ្យគេចូលមក”តែប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវ“ដើរចេញទៅក្រៅ” ផងដែរ។ សព្វថ្ងៃនេះ “ផលិតផលថ្មីទាំងបី”របស់ប្រទេសចិនដែលមានរថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធPVជាតំណាងទទួលបានការពេញនិយមនៅក្នុងទីផ្សារបរទេស ដែលបង្កើនការផ្គត់ផ្គង់ដ៏មានគុណភាពខ្ពស់ដល់ពិភពលោក ហើយក៏ជំរុញការធ្វើបរិវត្តកម្មនិងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ រីឯគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលបំផុសឡើងដោយប្រទេសចិន បានបំពេញបន្ថែមនូវកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍពិភពលោក និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនរបស់គ្រប់បណ្តាប្រទេសទាំងអស់។


ចែករំលែក៖