ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តត្បូងឃ្មុំ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទកែច្នៃអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ យោងតាមប្រភពព័ត៌មានពីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អ្នកនាំពាក្យសាលាឧទ្ធរណ៍ត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកសវនាការជាសាធារណៈ ជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៨ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លើជនជាប់ចោទឈ្មោះ ឡឹក តេវ និងឈ្មោះ ឡឹក វីរៈ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទកែច្នៃ អាវុធដោយគ្មានការអនុញ្ញាត ដែលត្រូវបានផ្តន្ទាទោស ដោយសាលក្រមព្រហ្មទណ្ឌលេខៈ ៣០ខ ក្រ២ ចុះ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តរតនគិរី លើជនជាប់ចោទទាំង២រូប ដោយផ្តន្ទាទោសដាក់ ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ៦ (ប្រាំមួយ)ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤,០០០,០០០ (បួនលាន) រៀល ជាបទល្មើសព្រហ្មទណ្ឌមានចែងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌទី១ កថាខណ្ឌទី ៣ កថាខណ្ឌទី៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។

ក្រោយធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និង អង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលដីកាព្រហ្មទណ្ឌលេខ២៤១ ព្រទ ក្រវ (ម.ម.ច) ចុះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ចំពោះមុខជនជាប់ចោទ ដោយបានសម្រេចកែប្រែសាលក្រមព្រហ្មទណ្ឌលេខៈ ៣០-ខ ក្រ២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តរតនគិរី ត្រង់ចំណុចទាក់ទងនឹងការ ប្រកាសទោសលើជនជាប់ចោទឈ្មោះ ឡឹក តេវ និងឡឹក វីរៈ ដោយសម្រេចតម្កល់បទចោទ រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប៉ុន្តែសម្រេចកែប្រែបទចោទពីបទ កែច្នៃអាវុធដោយគ្មានការអនុញ្ញាត ទៅជាបទ កែច្នៃអាវុធដោយ គ្មានការអនុញ្ញាត ដោយសម្រេចប្រកាសទោសលើជនជាប់ចោទទាំងពីរដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់រយៈពេល ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ ៤,០០០,០០០ (បួនលាន) រៀល តាមមាត្រា៤០ កថា ខណ្ឌទី១ កថាខណ្ឌទី៣ កថាខណ្ឌទី៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ៕ដោយ៖តារា


ចែករំលែក៖