ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត លើកទឹកចិត្តពលរដ្ឋ សិស្សានុសិស្ស ត្រូវជួយគ្នាគ្រាមានអាសន្ន ហើយបោះបង់វប្បធម៌ជាន់ពន្លិច

ចែករំលែក៖

ខេត្តកំពត÷លោកហ៊ុន ម៉ានិត បានលើកឡើងថា ក្រុមជ្រុលនិយមគេតែងប្រឆាំងរាល់សកម្មភាពរបស់រាជ រដ្ឋាភិបាលមិនឱ្យអភិវឌ្ឍន៍ប្រទេស និងជួយលើកកម្ពស់សុខភាព ជីវភាពប្រជាពលរដ្ឋឱ្យប្រសើរនោះទេ។ ដូច្នេះក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស សិស្សានុសិស្ស យុវជនជំនាន់ក្រោយ សូមរួមសាមគ្គីគ្នា ជួយគ្នា ពិសេសគ្រាមានអសន្ន ហើយបោះបង់វប្បធម៌ជាន់ពន្លិចគ្នាឯង ដើម្បីជួយឱ្យកម្ពុជាអាចបន្តអភិវឌ្ឍរីកចម្រើនទៅមុខ។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នងពីរជាន់ ស្មើ ១០ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្នារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ជូនសាលាបឋមសិក្សា ហ៊ុន សែន វត្តត្រើយ កោះ និងសម្ភោធសមិទ្ធផលនានាក្នុងវត្តត្រើយកោះ ក្រុងកំពត នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកមានប្រសាសន៍ថា កម្ពុជាក្រោម ការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណ បក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺតែងតែចាត់ទុកប្រជាពលរដ្ឋជាកែវភ្នែក ជាបេះដូង ជាម្ចាស់ប្រទេស  ហើយប្រមុខរាជរដ្ឋាភិបាលតែងតែខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុនៃការ អភិវឌ្ឍន៍ប្រទេស និងជួយសង្គ្រោះប្រជាជន ខណៈដែលក្រុមអ្នកជ្រុលនិយមតែងតែប្រឆាំងរារាំងមិនចង់ឱ្យប្រជាពលរដ្ឋ និងប្រទេសកម្ពុជាមានភាពរីកមច្រើននោះឡើយ ជាក់ ស្តែងដូចកាលពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ពួកគេបានស្រែកអំពាវនាវមិនឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ហើយបច្ចុប្បន្នកម្ពុជាមានគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ក៏ពួកគេនៅតែស្រែកប្រឆាំងមិនឱ្យជីកទៀត។

លោកបានបន្តថា ក្រុមជ្រុលនិយមទាំងនោះ ចាំតែប្រឆាំងនឹងភាពរីកចម្រើនរបស់កម្ពុជានោះទេ តួរយ៉ាងដូចរឿងភ្ញៀវទេសចរខេត្តសៀមរាបធ្លាក់ចុះ គឺមានការរិះគន់ជាន់ពន្លិចគ្នា បន្តុះបង្អាប់គ្នា តាំងពីអាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ រហូតដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាំងដែលយើងទាំងអស់គ្នាកំពុងតែស្ថិតនៅលើនាវាកម្ពុជាតែមួយ។

ជាមួយគ្នានោះដែរលោកហ៊ុន ម៉ានិត ក៏បានស្នើដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ឱ្យចូលរួម និងជួយធ្វើជាកញ្ចក់ជូនរាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថិកិច្ចជំនាញ ក្នុងការបង្ការទប់ស្កាត់ ការបើកល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសប្រឆាំងដាច់ខាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងចាត់ទុកថា គ្រឿងញៀនគឺជាខ្មាំង។

នៅក្នុងឱកាសនោះដែរលោកហ៊ុន ម៉ានិតបានថ្លែងកោត សរសើរ និងគាំទ្រចំពោះយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធរបស់តុលារស់រដ្ឋបាលខេត្តកំពត ក្រោមការ ដឹកនាំរបស់លោកម៉ៅ ធនិន និងបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ដោយយកតាមគំរូរបស់លោក ម៉ៅ ធនិន ព្រោះបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចង់បាន “មន្ត្រីបម្រើរាស្ត្រ” យកចិត្ត យកថ្លើម យកបញ្ហារាស្ត្រ ធ្វើជាការងារសំខាន់របស់ខ្លួន ហើយការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ជាកម្មវិធីគោលនយោបាយសំខាន់មួយសម្រាប់រាជ រដ្ឋាភិបាលតាំងពីអាណត្តិមុន បន្តរហូតដល់អាណត្តិទី៧ថ្មីនេះ៕


ចែករំលែក៖