អន្តរជាតិ ៖ ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានពិភពលោកបានផ្សាយជាញឹកញាប់ថា ភ្ញៀវទេសចរបរទេសចំនួនកាន់តែច្រើនបានជ្រើសរើសប្រទេសចិនជាគោលដៅទេសចរណ៍ ។ កម្លាំងចលករនៅពីក្រោយនេះ គឺចិនបានបន្តកែសម្រួលសេវាហេដ្ឋារចនាសម្ព័ន្ធនិងសេវាអ៊ីធើណេតសម្រាប់ជនបរទេសឱ្យប្រើកាន់តែងាយស្រួល ហើយគោលនយោបាយពាក់ព័ន្ធក៏បានពង្រីកបន្ថែម។ នេះជាការផ្សាយ របស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។
បច្ចុប្បន្ន ប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងក្នុងច្រកព្រំដែនចំនួន ៣៧ កន្លែង ដែលពលរដ្ឋប្រទេសចំនួន៥៤ អាចចូលដែនចិនធ្វើទេសចរចម្ងាយខ្លី ធ្វើពាណិជ្ជកម្ម បំពេញទស្សនកិច្ច ជួបជុំញាតិមិត្តជាដើម។ ក្នុងចំណោមច្រកព្រំដែនលើកលែងទិដ្ឋការទាំងនេះ មានច្រក២កន្លែងស្ថិតក្នុងក្រុងសៀមិន ខេត្តហុកគៀន។
គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ ក្រុងសៀកមិនជាតំបន់សេដ្ឋកិច្ចពិសេសមួយរបស់ប្រទេសចិន និងជាទីក្រុងទេសចរណ៍ល្បីដែលទទួលបានរង្វាន់សម្រាប់ប្រជាជនស្នាក់នៅបានល្អពីអង្គការសហប្រជាជាតិ ( UN Habitat Scroll of Honour) ដែលទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ១០០ លាននាក់ជាមធ្យមក្នុងរៀងរាល់ឆ្នាំ។
គេហទំព័រ «CCFR China state-controlled media » បានលើកឡើងថា ៖ ប្រទេសចិនមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ដែលស្ថិតនៅខេត្តក្វាំងតុង ខេត្តហុកគៀន ខេត្តហៃណាននិងភូមិភាគជនជាតិវៃវូលស៊ីនជាំង ដែលមានទេសភាពធម្មជាតិនិងមនុស្សធម៌ខុសគ្នាប្រកបដោយលក្ខណៈពិសេសរៀងៗខ្លួន ហើយរដ្ឋបាលបានដាក់ចេញវិធានការផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជន បានទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីលើពិភពលោកមកដើរលេងកម្សាន្ត។ ឆមាសទីមួយឆ្នាំ២០២៤ តំបន់ស៊ីនជាំងបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនលើសពី២២៩ម៉ឺននាក់ ប្រាក់ចំណូលខាងទេសចរណ៍អន្តរជាតិមានទំហំ ១៧៦៨ លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា “អាថ៍កំបាំងនៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន កើតចេញមកពីគំនិតដែលហៅថា «គូរប្លង់មួយរហូតដល់ទីបញ្ចប់» ដែលជាខ្លឹមសារមួយនៃគំនិតធ្វើអភិបាលកិច្ចរបស់លោក Xi Jinping មេដឹកនាំកំពូលបក្សនិងរដ្ឋចិន។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលទើបបិទបញ្ចប់ដោយជោគជ័យនាពេលថ្មីៗនេះបានកំណត់ផែនទីមេនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការធ្វើទំនើបកម្មតាមបែបផែនចិន ដោយលើកឡើងថា ប្រទេសចិននឹងផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន និងការកសាងប្រទេសចិនដ៏ស្រស់ស្អាត កែសម្រួលប្រព័ន្ធគ្រប់គ្រងបរិស្ថានអេកូឡូស៊ី ដើម្បីជំរុញការរួមរស់នៅដោយសុខុមាលភាពរវាងមនុស្សជាតិនិងធម្មជាតិ៕
ដោយ ៖ សិលា