ភ្នំពេញ÷អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ទីផ្សារ ដែលកម្ពុជានាំចេញផ្លែមៀនស្រស់ច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីអាជ្ញាធរក្រុងប៉េកាំងបានអនុញ្ញាតឱ្យកម្ពុជានាំចេញមៀនស្រស់ទៅដោយផ្ទាល់កាលពីឆ្នាំ២០២២។ បន្ទាប់ពីមានការអនុញ្ញាតពីរដ្ឋាភិបាលចិនបច្ចុប្បន្នផ្លែមៀនស្រស់នៅប្រទេសកម្ពុជាចាប់ផ្ដើមមានហាងឆេង។
អនុប្រធានសមាគមមៀនប៉ៃលិន លោក សួន ជុំ ត្រូវបានគេដកស្រង់សំដីនៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា មានក្រុមហ៊ុនមកពីភ្នំពេញមកសិក្សាដើម្បីប្រមូលទិញផ្លែមៀនពីប្រជាកសិករ នៅខេត្តប៉ៃលិន និងបាត់ដំបង ប៉ុន្តែមិនទាន់មានការជូនដំណឹង ឬធ្វើកិច្ចសន្យានៅឡើយនោះទេ ។ លោកបញ្ជាក់ថា បច្ចុប្បន្នមៀនប៉ៃលិនទើបតែចេញផ្កា ប៉ុន្តែគ្រោងនឹងប្រមូលផលនៅក្នុងខែសីហាខាងមុខនេះ។ លោកថ្លែងថា ទិន្នផលឆ្នាំនេះ នឹងមានភាពល្អប្រសើរ ខណៈតម្លៃចាប់ពី៤ពាន់រៀលក្នុង១គីឡក្រាម ។
កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែមៀនប៉ៃលិនស្រស់ ទៅទីផ្សារប្រទេសចិនជាលើកដំបូង កាល ពីខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងបានដាក់លក់ជា ផ្លូវការនៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២។
តាមរយៈនោះ អតិថិជន កាន់តែច្រើនស្គាល់ពីផលិត ផលកសិកម្មកម្ពុជា ព្រោះចិនជាទីផ្សារធំ ដែលមានប្រជាជនជាង ១ពាន់៤០០លាននាក់ ខណៈការនាំចេញផ្លែមៀនស្រស់នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានចំនួន១ម៉ឺន៤ពាន់៨១៧តោន ៕