ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ពិនិត្យលើវឌ្ឍនភាពការងារគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍នៅតាមរាជធានី ខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងមន្ទីរព័ត៌មានខេត្តរាជធានីដើម្បីពិនិត្យលើវឌ្ឍនភាពការងារគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍នៅតាមខេត្តនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ 

កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនិងប្រធានមន្ទីរព័ត៌មានទាំង ២៥ ខេត្តរាជធានី។ 

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងថ្លែងកោតសរសើរថ្នាក់ដឹកនាំនិងប្រធានមន្ទីរនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានទាំងអស់ដែលខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈនិងការផ្សព្វផ្សាយដំណឹងផ្សេងៗជូនដល់ប្រជាពលរដ្ឋបានជ្រាបតាមគ្រប់មធ្យោបាយដែលខ្លួនមានសំដៅបញ្ជ្រាបចំណេះដឹងនិងព័ត៌មានផ្សេងទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋភិបាល សមិទ្ធផលផ្សេងៗដែលរដ្ឋាភិបាលសម្រេចបានជូនជាតិនិងប្រជាជនកម្ពុជា។ 

កិច្ចប្រជុំបានផ្តោតសំខាន់លើរបៀបវារៈមួយចំនួនរួមមានការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ តាមដានព័ត៌មាន, ការពង្រឹងមធ្យោបាយផ្សព្វផ្សាយព័ត៌មាន, ការគ្រប់គ្រងធនធានមនុស្សរបស់មន្ទីរ និងការរៀបចំផែនការសកម្មភាពផ្សេងៗដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន។ ឯកត្តមរដ្ឋមន្ត្រីបានថ្លែងថាមន្ទីរព័ត៌មានដើរតួនាទីយ៉ាងសកម្មក្នុងការជួយគណៈបញ្ជាការឯកភាពខេត្តលើកិច្ចការព័ត៌មាន ចូលរួមផ្សព្វផ្សាយពីគោលនយោបាយ សេចក្តីណែនាំ និងបទបញ្ជាផ្សេងជូនដល់ប្រជាពលរដ្ឋ។ 

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តនិងជំរុញថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការដែលត្រូវបានចាត់តាំងឱ្យទទួលបន្ទុកវិស័យព័ត៌មាននៅតាមខេត្តបន្តជួយចូលរួមពង្រឹងសមត្ថភាពមន្ត្រីនៅមន្ទីរព័ត៌មានដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត និងចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដើម្បីពលរដ្ឋទទួលបានព័ត៌មានពិត គ្រប់ជ្រុងជ្រោយក៏ដូចជាចូលរួមទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖