ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ឱ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពឡើងបង្គោលភ្លើងឆ្លងចូលផ្ទះប្រជាពលរដ្ឋ ហើយធ្វើសកម្មភាពលួចយកទូរស័ព្ទមួយគ្រឿងនិងកាបូបលុយ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អៀម រុន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន បានធ្វើតេស្តរកសារធាតុញៀនបញ្ជាក់ជាលទ្ធផលឃើញថា(វិជ្ជមាន)មានសារធាតុញៀន។

ជនរងគ្រោះមានឈ្មោះ សឹន សាវ៉ាន់ ភេទប្រុស អាយុ45ឆ្នាំ មុខរបររត់ម៉ូតូឌុបមានទីលំនៅផ្ទះលេខ522E1ក្រុម1ផ្លូវលេខ128 ភូមិ1 សង្កាត់មិត្តភាព ខណ្ឌ7មករា។

   ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងគ្រួសារបានបិទទ្វារចូលសម្រាកក្នុងផ្ទះដូចសព្វមួយដង ស្រាប់តែនៅម៉ោងកើតហេតុ មានជនសង្ស័យម្នាក់ឡើងតាមបង្គោលភ្លើងឆ្លងចូលផ្ទះរបស់គាត់ រួចធ្វើសកម្មភាពលូកតាមបង្អួចយកទូរស័ព្ទដៃនិងកាបូបលុយរបស់គាត់ដែលដាក់លើក្បាលដំណេក ហើយបម្រុងគេចខ្លួន តែត្រូវបានគាត់ភ្ញាក់ទាន់ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍មិត្តភាព បានចុះមកដល់ទីតាំងកើតហេតុ បាននាំខ្លួនជនសង្ស័យនិងជនរងគ្រោះយកទៅដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖