ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) មានកិត្តិយសសូមជម្រាបជូនដំណឹងថា ស.ស.ស.ក នឹងរៀបចំពិធីសម្ពោធ “សៀវភៅ ស” នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៣:០០រសៀល នៅអគារសេរីភាព ដែលស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សៀវភៅ ស មានកម្រាស់១៥២ទំព័រ ប្រើពេលវេលា១ឆ្នាំសម្រាប់ការសិក្សាស្រាវជ្រាវ និងចងក្រង ហើយអាចចាត់ទុកថាជាឯកសារលើកដំបូងមួយនៅកម្ពុជា ហើយក៏ជាកម្រងឯកសាររស់ ដែលមានតម្លៃសម្រាប់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន សិស្ស និស្សិត និងសាធារណជនទូទៅផងដែរ។
លោក ហ៊ុយ វណ្ណៈ ដឹកនាំក្រុមការងារចងក្រង សៀវភៅ ស បានគូសបញ្ជាក់ថា «នៅក្នុងស្ថានភាពនៃ ការរីកចម្រើនរបស់សេដ្ឋកិច្ចសង្គម ការរីកចម្រើនដ៏សម្បូរបែបនៃបច្ចេកវិទ្យាឌីជីថល និងនៅក្នុងពេលដែល បច្ចុប្បន្ននេះពលរដ្ឋទាំងអស់កំពុងទទួលបានព័ត៌មានដ៏ចម្រុះនិងច្រើនលើសលប់ ហើយពលរដ្ឋក៏ក្លាយជា អ្នកចែកផ្សាយព័ត៌មានដ៏សកម្ម ដូច្នេះ កម្ពុជា ពិតជាមានភាពចាំបាច់ក្នុងការគិតគូរដោយយកចិត្តទុកដាក់ បំផុតអំពីសីលធម៌សង្គម ក្រមសីលធម៌ សុជីវធម៌ សិទ្ធិមនុស្ស និងភាពទទួលខុសត្រូវ ដើម្បីសង្គមជាតិ មួយនៅតែរក្សាបាននូវលំហសេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិ ប៉ុន្តែបន្តធានាបាននូវការឯកភាព ខ្ពស់ខាងទស្សនៈ ភាពសុខដុមរមនា និងវិបុលភាពនៃប្រជាជាតិយើង។ នេះគឺជាមូលហេតុដ៏សំខាន់ដែល នាំឱ្យមានវត្តមាន សៀវភៅ ស។ ចំពោះចម្លើយដ៏សាមញ្ញសម្រាប់សំណួរថាតើអាន សៀវភៅ ស បានប្រយោជន៍អ្វី? គុណប្រយោជន៍គឺ៖ ទី១. លោកអ្នកអាចស្វែងយល់បន្ថែម តើអ្វីជាកិច្ចការព័ត៌មាន? និង ទី២. លោកអ្នកអាចបន្តការប្រើប្រាស់បណ្តាញសង្គមនិងអ៊ីនធឺណិត បានល្អប្រសើរ និងមានសុវត្ថិភាព»។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ពិតជាមានសេចក្តីរីករាយក្រៃលែងដែលឃើញ អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន សិស្ស និស្សិត អ្នកផលិតមាតិកា អ្នកប្រើ ប្រាស់បណ្តាញសង្គម បង្ហាញការចាប់អារម្មណ៍ និងបានស្នើសុំ សៀវភៅ ស ជាបន្តបន្ទាប់។ ស.ស.ស.ក មានកិត្តិយសបន្តផ្តល់ សៀវភៅ ស ជូនដល់លោកអ្នក និងសាធារណជន ដោយឥតគិតថ្លៃ។ ព័ត៌មាន បន្ថែមសូមមេត្តាទាក់ទង លេខាធិការដ្ឋាន ស.ស.ស.ក តាមទូរស័ព្ទលេខ០៧៧-៣៣៨-១៣១ ឬតាម ប្រអប់សារ Union of Journalist Federations of Cambodia ៕
ដោយ៖ សិលា