ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត អញ្ជើញសម្ពោធអគារសិក្សានៃសាលាបឋមសិក្សា ហ៊ុន សែន ត្រើយកោះ និងសមិទ្ធផលនានា ក្នុងវត្តត្រើយកោះ ស្ថិតនៅក្រុងកំពត ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ខ្ញុំបានចូលរួមពិធីសម្ពោធអគារសិក្សានៃសាលាបឋមសិក្សា ហ៊ុន សែន ត្រើយកោះ និងសមិទ្ធផលនានាក្នុងវត្តត្រើយកោះ ស្ថិតនៅក្រុងកំពត ខេត្តកំពត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ៖ អគារសិក្សាមួយខ្នងដែលមាន ១០ បន្ទប់ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។ អគារសិក្សានេះនឹងចូលរួមជួយដល់ក្មួយៗនៅសង្កាត់ត្រើយកោះដែលកំពុងខ្វះខាតអគារសិក្សា ទទួលបានការអប់រំ និងចំណេះដឹង ក្លាយជាធនធានមនុស្សរបស់ប្រទេសជាតិ។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតបានថ្លែងអំណរគុណដល់សប្បុរសជននិងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមចែករំលែកនូវថវិកាផ្ទាល់ខ្លួន និងចូលរួមជាបច្ច័យអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ។ សមិទ្ធផលនានាក្នុងវត្ត ដែលត្រូវដាក់សម្ពោធនាថ្ងៃនេះ រួមមានផ្លូវបេតុង ផ្លូវលំ របងវត្ត និងខ្លោងទ្វារវត្ត។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បន្តថា ៖ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ អភិវឌ្ឍខេត្តជាបន្តបន្ទាប់ ទាក់ទាញភ្ញៀវទេសចរ រៀបចំវេទិកាសាធារណៈ ដោះស្រាយបញ្ហាជូនបងប្អូន អ៊ំពូមីង លោកយាយលោកតាក្នុងខេត្តកំពតបានទាន់ពេលវេលា ដោយតម្លាភាព និងប្រសិទ្ធភាព ហើយក៏សូមអរគុណដល់ប្រជាពលរដ្ឋដែលតែងតែគាំទ្រនិងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយោជន៍ជាតិ។ 

ខ្ញុំសង្ឃឹមយ៉ាងមុតមាំបន្ថែមទៀតថា បងប្អូន អ៊ំពូមីង លោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀន ហើយចាត់ទុកគ្រឿងញៀន ជាខ្មាំង ជាសត្រូវ ជាបិសាច ដែលនឹងបំផ្លាញសង្គមជាតិ និងយុវជនរបស់យើង។ 

ជាទីបញ្ចប់ សូមក្មួយៗ ប្អូនៗ យុវជនទាំងអស់ថែរក្សាសាមគ្គីភាព ចេះជួយគ្នាក្នុងគ្រាលំបាក និងត្រូវណែនាំគ្នា ប្រសិនបើឃើញមិត្តភក្តិដើររកផ្លូវខុស។ ជាយុវជនម្នាក់ សូមកុំព្យាយាមប្រើប្រាស់ការជាន់ពន្លិចមិត្តភក្តិ ឬ អ្នកជុំវិញខ្លួនពេលពួកគេជួបបញ្ហា សូមលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ជួយគ្នាទៅវិញទៅមក ដើម្បីជួយដល់សហគមន៍ និងប្រទេសជាតិរបស់យើង ៕

ដោយ ៖ សិលា


ចែករំលែក៖