ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ៤០

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការី​ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន ៤០ ដឹកនាំដោយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ (China Chamber of Commerce for Import & Export of Textiles-CCCT)។ ក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ដូចជា ការផលិតសម្លៀកបំពាក់ អាវ រងារ ស្បែកជើង ក្រណាត់និងជ្រលក់ពណ៌ សម្ភារៈសម្រាប់ផលិតសម្លៀកបំពាក់ ទ្រនាប់កអាវនិងមួក ការ ផលិតសូត្រ…។ល។ ។ 

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា។ នេះជាលើកទី២ ក្នុងរយៈពេលបីខែដែលឯកឧត្តមអគ្គលេខាធិការបាន ទទួលជួបគណៈប្រតិភូវិនិយោគដឹកនាំដោយ CCCT ដែលនេះបង្ហាញពីឆន្ទះដ៏មោះមុតក្នុងការស្វែងរក ការបណ្តាក់ទុនវិនិយោគនៅកម្ពុជាយ៉ាងពិតប្រាកដ។ ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ” ដើម្បី ជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ 

លោកអគ្គលេខាធិការក៏បានលើកឡើងពីរំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយ ទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើ ប្រៀបធៀបនឹងការវិនិយោគបរទេសផ្សេងទៀត ដែលការណ៍នេះគឺដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា។ 

ជាមួយគ្នា នេះផងដែរ ដើម្បីឱ្យគណៈប្រតិភូកាន់តែមានទំនុកចិត្ត និងទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការពិចារណា បណ្តាក់ទុនវិនិយោគ ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនថាបច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៤៤ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមាន ២៨។ កម្ពុជាក៏មានរោងចក្រផលិត សំបកកង់រថយន្ត រោងចក្រផលិតកង់ រោងចក្រផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក គ្រឿងសង្ហារឹម…។ល។ ដែលខុស្សាហកម្មទាំងនេះមានការវិនិយោគជាចង្កោម។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក ជាង ស៊ីអាន ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះលោកអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួប ពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនសម្រេចចិត្ត។ លោកប្រធាន គណៈប្រតិភូក៏បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានស្នើឱ្យសមាជិក គណៈប្រតិភូធ្វើឧទ្ទេសនាមអំពីសកម្មភាពវិនិយោគរបស់ខ្លួន និងគោលបំណងនៃការអញ្ជើញមកកម្ពុជា ក៏ដូចជាលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដែលជារួមក្រុមហ៊ុនទាំងអស់មានបំណងពង្រីកការ វិនិយោគមកកម្ពុជា។ លោកប្រធានគណៈប្រតិភូមានជំនឿជឿជាក់យ៉ាងមុតមាំថាបន្ទាប់ពីជំនួបពិភាក្សាការងារ នាព្រឹកនេះ សមាជិកគណៈប្រតិភូនឹងធ្វើការសម្រេចចិត្តបណ្តាក់ទុន វិនិយោគនៅកម្ពុជាជាក់ជាពុំខាន។

ឆ្លៀតក្នុងឱកាសនេះដែរ ដោយយោងលើស្ថានភាពនៃការវិនិយោគនៅកម្ពុជាដែលភាគច្រើននាំចូល វត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចដើម្បីផលិតជាផលិតផលផ្សេងៗនាំចេញទៅទីផ្សារបរទេស លោកអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅ កម្ពុជា ដែលមានខ្សែច្រវាក់ផលតិកម្មពីលើដល់ក្រោម (upstream to downstream) ដើម្បីធ្វើជាមូលដ្ឋានផលិត សម្រាប់ទីផ្សារក្នុងស្រុក, ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុង ការការពារបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត៕

ដោយ៖ តារា


ចែករំលែក៖