ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់សារជាថ្មីម្តងទៀតថា ៖ នៅកម្ពុជាអត់មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយប្រព្រឹត្តបទល្មើស និងមានទោសព្រហ្មទណ្ឌ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ៖ នៅកម្ពុជាមានបុគ្គលដែលកំពុងធ្វើសកម្មភាពក្បត់ជាតិ ជ្រកក្រោមស្លាក អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលនានា ដើម្បីបិទបាំងសកម្មភាពល្មើសច្បាប់របស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ជាក់ស្ដែង ការចាត់វិធានការច្បាប់ដោយឃាត់ខ្លួនសកម្មជនខុសច្បាប់នាពេលកន្លងទៅថ្មីៗនេះ គឺគ្មានជនណាមួយត្រូវបានចោទពាក់ព័ន្ធទៅនឹងរឿងបរិស្ថាននោះទេ ប៉ុន្ដែពួកគេសុទ្ធតែជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ និងការប្រមាថអង្គព្រះមហាក្សត្រ។
សម្តេចតេជោ ហ៊ុន សែន ហៅទណ្ឌិតសម រង្ស៊ី ថាអាក្បត់ជាតិសារជាថ្មី ដោយសារតែជនក្បត់ជាតិរូបនេះ មិនទាន់ទាំងបានដឹកនាំប្រទេសផងហ៊ានចុះហត្ថលេខាផ្តល់ដីកម្ពុជាឲ្យគេ តាមរយៈជនផ្តាច់ខ្លួនកុងសរ កាលពីកន្លងទៅនៅលើទឹកដីអាមេរិកនោះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសជាថ្មីម្តងទៀតថា ៖ ដរាបណាសម្តេចនៅមានជីវិត គឺសម្តេចមិនអនុញ្ញាតឲ្យមានអំពើបះបោរណាមួយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសថា នៅកម្ពុជាអត់មានអ្នកទោសនយោបាយនោះទេ គឺមានតែអ្នកនយោបាយប្រព្រឹទ្ធបទល្មើស និងមានទោសព្រហ្មទណ្ឌ ៕
ដោយ ៖ សិលា