ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃកម្ពុជា បានស្នើដល់តុលាការកាត់ទោសអ្នកដែលប្រឌិតរឿងកម្ពុជាកាត់ដីឱ្យវៀតណាមឱ្យដល់កម្រិតខ្ពស់បំផុតនៃទោស និងមិនត្រូវដាក់ឈ្មោះជនទាំងនេះទៅក្នុងបញ្ជីបន្ធូរបន្ថយ ឬលើកលែងទោសទេ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសារពិសេសរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
បើតាមសម្ដេចតេជោរហូតមកដល់ពេលនេះមានមនុស្ស៣នាក់ហើយត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រឌិតរឿងនេះ។
សម្ដចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ថ្លែងថា ៖ រហូតមកដល់ថ្ងៃនេះអាជ្ញាធរបានឃាត់ខ្លួនមនុស្ស៣នាក់រួចហើយពាក់ព័ន្ធនឹងការប្រឌិតរឿងកម្ពុជាកាត់ដី៤ខេត្តឱ្យវៀតណាម។
ក្នុងសារពិសេសរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអ្នកទាំង៣នាក់នោះត្រូវបានឃាត់ខ្លួនពីខេត្តសៀមរាប ជាមួយគ្នានេះសម្ដេចក៏ព្រមានដល់អ្នកដែលនិយាយរឿងសន្និសញ្ញាសន្ដិភាពក្រុងប៉ារីសដែលទំនងជាលោក ស្រ៊ន់ ស្រ៊ន ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ការបង្កើតព័ត៌មានមិនពិតដើម្បីបំពុលសង្គមខ្មែរពាក់ព័ន្ធនឹងរឿងទឹកដីនេះទាមទារឆ្លើយតបហើយចាត់វិធានការ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ៖ ការបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចផ្ទាល់តែម្ដង កាលពីឆ្នាំ១៩៩៩ ហើយសម្ដេចជាអ្នកស្នើសុំការគាំទ្រដោយផ្ទាល់ពីថ្នាក់ដឹកនាំប្រទេសឡាវ និងវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺខ្លួនខ្ញុំជាអ្នកផ្ដួចផ្ដើមគំនិត ហើយនៅក្នុងពេលទស្សនកិច្ចនៅឡាវ ខ្ញុំបានស្នើភាគីឡាវដើម្បីគាំទ្រ។ បន្ទាប់ទៅខ្ញុំក៏ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ខ្ញុំក៏បានស្នើចំពោះនាយករដ្ឋមន្ដ្រីវៀតណាម ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមនេះ ! យើងចាំបាច់ត្រូវរកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ យើងមើលឃើញពីភាពចាំបាច់នៅក្នុងតំបន់នោះ ដោយផ្អែកលើកត្តាសំខាន់ៗ៤យ៉ាង មានទាំងការតភ្ជាប់ខាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគ្គិសនី ការផ្លាស់ប្ដូរទំនិញ ទេសចរណ៍»៕
ដោយ ៖ សិលា