ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ រដ្ឋបាលខេត្តសៀមរាប៖ ករណីឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់ និងប្រជាពលរដ្ឋ (ស្លាប់ ១នាក់ និងរបួស ៣នាក់) នៅចំណុចខ្លោងទ្វារទន្លេអុំ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា៖ នាវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានភ្លៀងលាយឡំនឹងខ្យល់ កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងប្រជាពលរដ្ឋឆ្លងកាត់ទីតាំងខាងលើ។

ក្រោយទទួលបានព័ត៌មានពីឧបទ្ទវហេតុគ្រោះធម្មជាតិនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះពិនិត្យ និងសង្គ្រោះអ្នករងរបួស។ ជាលទ្ធផលឃើញថា ដើមឈើមួយដើមនៅទន្លេអុំ ដែលបានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និង សង្កត់លើរ៉ឺម៉កម៉ូតូបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាជនខ្មែរចំនួន០៤នាក់ បណ្តាលឱ្យស្លាប់មនុស្ស ចំនួន០១នាក់ ភេទប្រុស និងរបួសចំនួន០៣នាក់ (ស្រាល០២នាក់ ធ្ងន់០១នាក់)។ បច្ចុប្បន្នជនរងគ្រោះបាន ជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើចេញ ដើម្បីបញ្ចៀសចរាចរ នៅកន្លែងកើតហេតុរួចរាល់ទាំងស្រុងនៅវេលា ម៉ោង២០៖៣០នាទី ថ្ងៃខែឆ្នាំដដែល។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរជាតិអប្សរា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព និងចូលរួមសោកស្តាយចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលបានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តា ជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖