ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត ឆែ ៖ ដើម្បីក្លាយជាមេដឹកនាំ ឬ «មេគេ» យើងត្រូវមានគុណសម្បត្តិយ៉ាងហោចណាស់​ ៣ចំណុច

ចែករំលែក៖

ភ្នំពេញ​៖​ លោក កើត ឆែ អភិបាល​រង​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែង​ថា ដើម្បីក្លាយជាមេដឹកនាំ ឬ «មេគេ» យើងត្រូវមានគុណសម្បត្តិយ៉ាងហោចណាស់​ចំនួន​ ៣ចំណុច។ ការថ្លែងបែបនេះ​របស់​លោក កើត ឆែ​ នាឱកាស​លោកតំណាងឱ្យ​ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង និងអភិវឌ្ឍសមត្ថភាពដឹកនាំក្នុងអង្គភាព ប្រកបដោយសុខដុមនីយកម្ម» នៅថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ ដោយមានការចូលរួមពីសិក្ខាកាមដែលជាបុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ទីរ-អង្គភាពជំនាញក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន ២៨៣ នាក់។ 

លោក កើត ឆែ បានគូសបញ្ជាក់​ថា ៣ចំណុច​ ដើម្បីក្លាយជាមេដឹកនាំ ឬ «មេគេ» ដូចខាងក្រោម​៖

*ទី១៖ សមត្ថភាព (ទទួលបានការបណ្តុះបណ្តាល និងមានចំណេះដឹងក្នុងការស្វែងយល់អំពីការងារ និងមានភាពឈ្លាសវៃ, គំនិតផ្តួចផ្តើម និងនវានុវត្ត ដើម្បីសម្រេចការងារមួយ ប្រកបដោយគុណភាព និងប្រសិទ្ធផលខ្ពស់)។ 

*ទី២៖ បទពិសោធន៍ការងារ (ធ្លាប់ឆ្លងកាត់បទពិសោធន៍ការងារទាំងល្អ ទាំងមិនល្អ ដែលបទពិសោធន៍ទាំងនេះ គឺជាទុន ដើម្បីបំពេញការងារទៅថ្ងៃមុខ)។ 

*ទី៣៖ សុខភាពល្អ (ត្រូវថែរក្សាសុខភាព, មានរបបហាត់ប្រាណទៀងទាត់ ដើម្បីឱ្យមានភាពរហ័សរហួន ការបំពេញការងារបានល្អ)។ 

ឆ្លៀតក្នុងឱកាសនេះ លោក​ កើត ឆែ​ ក៏បានវាយតម្លៃខ្ពស់ និងចាត់ទុកថាការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទនេះ ពិតជាបានផ្តល់អត្ថប្រយោជន៍ និងរួមចំណែកដល់ការបំពេញការងាររបស់សិក្ខាកាម តាមរយៈការទទួលបាននូវទស្សនទាន និងធាតុចូលបន្ថែម ដែលជួយបណ្តុះស្មារតីទទួលខុសត្រូវ ការរៀបចំផែនការអនុវត្តការងារ ការជំរុញលើកទឹកចិត្ត និងការបង្ហាញពីគន្លឹះក្នុងការរៀបចំខ្លួនរបស់បុគ្គលិក-មន្រ្តីរាជការម្នាក់ៗ ឱ្យបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណតម្លៃ ក្នុងអាជីពការងាររបស់ខ្លួន៕

ដោយ​៖ តារា​


ចែករំលែក៖