ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះថា កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម មុន្នី ឋានៈ ស្នងការរង និងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានចុះបង្ក្រាបមុខសញ្ញា ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៤ទីតាំង កាលពីថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ លើករណី រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន៤ទីតាំង ជាបន្តបន្ទាប់មាន ៖
ទីតាំងទី១. កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤និង២៦នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមុខសញ្ញា ជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ -ឈ្មោះ ហែម សុីណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧កញ្ចប់ ទម្ងន់ ៩,៨១ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរស័ព្ទដៃចំនួន២គ្រឿង ,ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ,ដែកកេះចំនួន៣ ,សំបកកញ្ចប់បារីម៉ាយសេវេនចំនួន១កញ្ចប់ ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន១ ,បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)។
ទីតាំងទី២. ចុះបង្ក្រាបនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣២នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ហែម សុីណាក់ ស្ថិតនៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់ ស្រី១នាក់ ១-ឈ្មោះ កុល ឧសភា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង២-ឈ្មោះ ហេង ទីឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ ទម្ងន់៤៧,៨ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរស័ព្ទដៃ១គ្រឿង ,ម៉ូតូ១គ្រឿង ,ជញ្ជីងអេឡិចត្រូនិចចំនួន១គ្រឿង ,ក្រដាសវីងចំនួន២សន្លឹក ,អំពូលកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១អំពូល ,សំបកកញ្ចប់បារីវីស្តុនសម្រាប់ដាក់ថ្នាំញៀនចំនួន១កញ្ចប់ ,កាបូបស្ពាយចំហៀងពណ៌ក្រហមចំនួន១ បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)ទាំង២នាក់។
ទីតាំងទី៣. បង្ក្រាបនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៤និង១២នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ប្រាក់ ដារ៉ារ័ត្ន ស្ថិតនៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២នាក់ ស្រី១នាក់ ១-ឈ្មោះ ប្រាក់ ដារ៉ារ័ត្ន(ហៅត្រង៉ោល) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់និង២-ឈ្មោះ ប៊ូ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១២កញ្ចប់(រុំស្គុតពណ៌ក្រហមនិងទឹកប៊ិចចាស់) ទម្ងន់ ២,១៨ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរស័ព្ទដៃ១គ្រឿង ,អំពូលកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន២អំពូល ,កូនកាបូបតូចពណ៌ស្វាយចំនួន១ បានធ្វើតេស្តទឹកនោមវិជ្ជមាន(+) មានទាំង២នាក់។
ទីតាំងទី៤. បង្ក្រាបនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៤និង៣៨នាទី នៅចំណុចផ្លូវប៊េតុង ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញា ជួញដូរ រក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់ ១-ឈ្មោះ ម៉ៅ វិសាល(ហៅទូ) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២-ឈ្មោះ រ៉សេត ហាំម៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូងជ្រុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាងរួមមានៈម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ ទម្ងន់៣០,៨៥ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរស័ព្ទដៃ២គ្រឿង ,សម្ភារៈជក់២កំប្លេរ ,ម៉ូតូ១គ្រឿង ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន១ ,បំណែកស្កុតពណ៌ទឹកប៊ិចចាស់សម្រាប់រុំថ្នាំញៀន១ ,សំបកកញ្ចប់បារីអុីសេសម្រាប់ដាក់ថ្នាំញៀន ,ស្លាកលេខម៉ូតូចំនួន១សន្លឹក(ពោធិ៍សាត់1M-6054) ,ប្រអប់ដាក់បាយ សម្រាប់ដាក់ថ្នាំញៀនចំនួន១ប្រអប់ ,បានធ្វើតេស្តទឹកនោមវិជ្ជមាន(+) ទាំង២នាក់។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនិងវត្ថុតាងខាងលើសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដេីម្បីរៀបចំបន្តនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ