ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​៖ ការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ត្រូវធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីសម្រួលដល់កាផ្តល់សេវាសាធារណៈ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ​ ឱកាសពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ បានថ្លែង​ថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយ ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង និងអង្គភាពថ្នាក់ក្រោមជាតិជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ក៏ត្រូវធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈយានជំនិះ ដើម្បីសម្រួលដល់កាផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលប្រព័ន្ធស្វ័យប្រវត្តិកម្មនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ និងបង្កើនជំនឿទុកចិត្តនៃការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា​ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវនេះ​ គឺមានទំហំផ្ទៃដីប្រមាណ ៤ពាន់ម៉ែត្រការ៉េ ដែលចាប់ផ្តើមសាងសង់ឡើងនៅដើមខែតុលា ឆ្នាំ២០២៣ ហើយទើបបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ មណ្ឌលនេះរួមមានសំណង់អគារដែលបំពាក់ដោយឧបករណ៍ឆៀកចំនួន១ខ្សែ ផលិតនៅប្រទេសចិន ឆ្នាំ២០២៣ ក្នុងនោះរួមមានឧបករណ៍វាស់ផ្សែងសាំង-ម៉ាស៊ូត វាស់ល្បឿន វាស់ស៊ីផ្លេ វាស់លំងាកចង្កូត វាស់បាច់ពន្លឺហ្វាកូត ថ្លឹងទម្ងន់យាន និងវាស់កម្លាំង ហ្វ្រាំង និងមើលដោយភ្នែក៖ មើលជុំវិញយាន មើលបាតយាន ក្នុងយាន និងប្រព័ន្ធម៉ាស៊ីន។

បច្ចុប្បន្ន ប្រទេសកម្ពុជាមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដែលកំពុងដំណើរការសរុប ២២ទីតាំង គឺនៅរាជធានីភ្នំពេញមានចំនួន ៨ទីតាំង និងខេត្តមានចំនួន ១៤ទីតាំង កំពុងធ្វើប្រតិបត្តិការអាជីវកម្ម ដូចជាខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តព្រះស៊ីហនុ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហា ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តតាកែវ៕

ដោយ​៖ តារា​


ចែករំលែក៖