ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សមាគមកាយឫទ្ធិនារីកម្ពុជា បាននិងកំពុងធ្វើយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីប្រមូលរបស់របរ សម្ភារៈចាស់ៗដែលនៅអាចប្រើប្រាស់បានដើម្បីចែកជូនបន្តទៅអ្នកដែលមានជីវភាពខ្វះខាត ដូចជា៖ មណ្ឌលកុមារកំព្រា សហគមន៍អ្នកខ្សត់ខ្សោយ និងប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយាល ជាដើម។
ដើម្បីចូលរួមគាំទ្រនូវយុទ្ធនាការនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំនូវទីតាំងសម្រាប់ដាក់ប្រអប់បរិច្ចាគ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយបែងចែកទៅតាមប្រភេទនីមួយៗ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកបរិច្ចាគទាំងអស់ក្នុងការចូលរួមយុទ្ធនាការនេះ។ ជាមួយគ្នានេះ អ្នកបរិច្ចាគទាំងអស់គប្បីចែកឱ្យដាច់ពីគ្នានូវសំលៀកបំពាក់ និងសម្ភារៈនីមួយៗផ្សេងៗពីគ្នា ដោយសំលៀកបំពាក់ ត្រូវបោកគក់ឱ្យបានស្អាតបាត ទោះបីជាមានការដាច់រហែក ធ្លុះធ្លាយបន្តិចបន្តួចក៍ដោយ ក៍មិនមានបញ្ហាអ្វីព្រោះសមាគមនឹងយកមកកែច្នៃប៉ះប៉ូវឱ្យបានស្អាតថ្មីឡើងវិញ។
សូមជម្រាបជូនថា យុទ្ធនាការនេះ ត្រូវបានផ្ដួចផ្ដើម និងដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីបំផុសឱ្យមានការចូលរួមពីប្រជាជនគ្រប់មជ្ឈដ្ឋាន ក្នុងការចែករំលែកនូវ សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា និងប្រដាប់ក្មេងលេង ដែលឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលកំពុងត្រូវការ៕
ដោយ៖ ស តារា