ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពី«ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានបង្ហាញថារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ហើយទៅអនាគតអភិវឌ្ឍឱ្យក្លាយជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក និងជាថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង។
គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំលើកទី៤កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ថ្មីៗនេះ ដើម្បីពិនិត្យ ផ្តល់យោបល់ និងផ្តល់គោលការណ៍ឯកភាពលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ។
កិច្ចប្រជុំនេះដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងនិង ដោយមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី, លោករដ្ឋមន្ត្រី, លោក-លោកស្រីថ្នាក់ដឹកនាំក្រសួង-សា្ថប័ន, លោក លោកស្រីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប និងក្រុមការងាររៀបចំផែនការមេ ដែលដឹកនាំដោយ លោក ស៊ឺម៉ា សែវ (SIMA XIAO) នាយកនៃវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning & Design Institute of Shenzhen -UPDIS)។
សេចក្តីព្រាង«ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» មានចក្ខុវិស័យរយៈពេលវែងដល់ឆ្នាំ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជា ៖
ទី១- គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិ, ផ្តល់សេវាទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ត ។
ទី២- ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្ត្របៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។
សូមជម្រាបថា សេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីវិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្តានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ ។ ផែនការមេនេះក៏មានការវិភាគ លើសក្តានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍ លើការបំពេញឱ្យគ្នាទៅវិញទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំង៤ ព្រមទាំងគម្រោងយុទ្ធសាស្ត្រសម្រាប់ខេត្តជាប់ឆ្នេរសមុទកម្ពុជាផងដែរ ។
ជាលទ្ធផលអង្គប្រជុំបានពិភាក្សាដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ និងបានផ្ដល់មតិយោបល់កែសម្រួលលើផ្នែកខ្លះរបស់សេចក្តីព្រាង ដើម្បីឱ្យឯកសារសេចក្តីព្រាងកាន់តែមានភាពពេញលេញ និងមានសង្គតិភាព និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» នេះ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារបច្ចេកទេសសម្របសម្រួលអន្តរក្រសួង ក៏ដូចជាលេខាធិការដ្ឋានរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ព្រមទាំងក្រុមការងារវិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំ កែសម្រួលសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងបញ្ចប់តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ។
គួររំលឹកថា តាមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការពង្រីកវិសាលភាពនៃ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានរៀបចំឡើងដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រទាំង ៣ ផ្សេងទៀត តាមរយៈការប្រើប្រាស់ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំង៤ និងកម្ពុជាជារួម៕
ដោយ៖ តារា