ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន៖ សមិទ្ធផល និងស្នាដៃដែលបណ្ឌិត្យសភាទទួលបាននៅពេលនេះ គឺដោយសារទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ទាំងស្មារតី សម្ភារៈ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួប១៧ឆ្នាំនៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយឯកអនុប្រធានបណ្ឌិត្យសភា ឧត្តមសេនីយ៍ វរសេនីយ៍ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និងនិស្សិតយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ប្រធាន បានគោរពថ្លែងអំណរគុណចំពោះលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យបណ្ឌិត្យសភា ប្រារព្ធពិធីគម្រប់ខួប១៧ឆ្នាំ នៃការប្រែក្លាយពីសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា យ៉ាងអធិកអធមប្រកបដោយមោទនភាព និងកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ។ 

នាយឧត្តមសេនីយ៍ប្រធាន បានគូសបញ្ជាក់ឱ្យដឹងដែរថា ការរៀបចំពិធីអបរអរសាទរនាពេលនេះ ដើម្បីរំឭកឡើងវិញនូវការចងចាំមិនអាចបំភ្លេចបាននៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងអប់រំបណ្តុះបណ្តាលធនធានមនុស្សដល់កងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងមន្ត្រីនគរបាលលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចដឹកនាំបញ្ជាគ្រប់កម្រិតសិក្សា ដើម្បីឱ្យមានសមត្ថភាព ជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាទំនើប និងមានក្រមសីលធម៌ល្អ ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ប្រធាន បានបន្តថា សមិទ្ធិផល និងស្នាដៃដែលបណ្ឌិត្យសភាទទួលបាននៅពេលនេះ គឺដោយសារទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ទាំងស្មារតី សម្ភារៈ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទស្សនវិស័យជឿនលឿនវែងឆ្ងាយ និងគំនិតប្រាជ្ញាអភិវឌ្ឍន៍ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងត្រឹមត្រូវ និងបានគាំទ្រឧបត្ថម្ភដល់បណ្ឌិត្យសភាគ្រប់ដំណាក់កាលផងដែរ។ 

ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់តម្លៃ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដើម្បីកសាងធនធានមនុស្សសម្រាប់បន្តវេនប្រកបដោយសមត្ថភាព ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕

ដោយ​៖ តារា​


ចែករំលែក៖