ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានករណីក្មេងលង់ទឹកស្លាប់ចំនួន២នាក់ កើតហេតុនៅចំណុចស្រះទឹកខាងជើងផ្ទះឈ្មោះ រិន ចាន់ធូ ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី២៦ ខែកក្កដាម្សិលមិញនេះ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បាននៅថ្ងៃទី២៧ ខែកក្កដានេះថា៖ ជនរងគ្រោះ ១-ឈ្មោះ ធូ ផានិត ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ឪពុកឈ្មោះ រិន ចាន់ធូ អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើនឹងម្ដាយឈ្មោះ សួរ ម៉ន អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះ២-ឈ្មោះ ភីន សីម៉ា ភេទស្រី អាយុ២ឆ្នាំ មានទីលំនៅភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ឪពុកឈ្មោះ ឈុំ ភីន អាយុ៣២ឆ្នាំ នឹងម្ដាយឈ្មោះ សួ ម៉ាច អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បច្ចុប្បន្នកំពុងធ្វើការនៅប្រទេសថៃ បានផ្ញើកូនឲ្យបងស្រីបង្កើតឈ្មោះ សួ ម៉ន មើលថែឲ្យ។
ក្មេងទាំង២ នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ប៉ុន្តែសង្គ្រោះពុំទាន់បានស្លាប់ទាំងពីរនាក់។ មូលហេតុ៖ក្មេងទាំងពីរបាននាំគ្នាទៅលេងនៅមាត់ស្រះទឹកខាងលើ ហើយបានរអិលជើងធ្លាក់ចូលទៅក្នុងស្រះទឹក ដោយឪពុកម្ដាយរវល់ដាំស្លនៅផ្ទះបាយ ទើបបណ្ដាលឱ្យកូននិងក្មួយលង់ទឹកស្លាប់។
បច្ចុប្បន្នសពក្មេងទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ តារា