ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ដែលបានជាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើទូកនេសាទនៅក្នុងទន្លេមេគង្គ ខណៈកំពុងធ្វើការនេសាទ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងនាំខ្លួនយកមកសួរនាំលេីករណីនេះហេីយ។
បេីតាមការបញ្ជាក់ពីលោក ប៊ុន សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតសាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ ឃិន ភារម្យ អាយុ ៥២ឆ្នាំ រស់លំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។ លោកបន្តថា ពាក់ព័ន្ធនឹងករណីខាងលើកំពុងតែសួរនាំ និងអង្កេតទៅលើរឿងនេះនៅមិនទាន់មានចំណាត់ការបែបណានោះទេ។
សូមជម្រាបជូនថា ពាក់ព័ន្ធនឹងករណីខាងលើ រដ្ឋបាលខេត្តក្រចេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះ មានគ្រុបបណ្តាញទំនាក់ទំនងសង្គមគណនីឈ្មោះ របាយការណ៍ថ្មី គ្រុប៥៥៥នាក់ និងគណនីហ្វេសប៊ុកឈ្មោះ បងសំណាង មានលាភ បានបង្ហោះព័ត៌មាន បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិព្រះរាជាណាចក្រកម្ពុជាមកជាន់នៅលើទូកនេសាទ នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។
រដ្ឋបាលខេត្តក្រចេះ បានចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីសាកសួរបន្តអនុវត្តតាមនីតិវិធី៕
ដោយ៖ តារា