ខេត្តពោធិ៍សាត់ ៖ យានយន្តធុនស្រាល ធុនធ្ងន់ អាចចរាចរណ៍ជាបណ្តោះអាសន្នបានលើ កំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅត្រង់ចំណុច PK90+600 (ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់) ។ នេះជាបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិកា ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
លោកបានបន្តថា ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ កំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 (ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់) ដែលបានរអិលបាក់ស្រុត អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនស្រាល ធុនធ្ងន់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា នៅពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈដែលក្រុមការងារការដ្ឋានកំពុងមមាញឹកទាំងភ្លៀងប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធានាឱ្យមានចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោកជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមានខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕
ដោយ ៖ សិលា