ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៥ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក និងវេទិកាតំបន់អាស៊ានលើកទី៣១ នៅទីក្រុងវៀងច័ន្ទន៍នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៥ កិច្ចប្រជុំ បានគូសបញ្ជាក់ជាថ្មីអំពីការរួមចំណែក និងតួនាទីដ៏សំខាន់នៃយន្តការអាស៊ានបូកបី ក្នុងការសម្រេចនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងបានកោតសរសើរនូវវឌ្ឍនភាពគួរឱ្យ កត់សម្គាល់ ការអនុវត្តផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០២៣-២០២៧)។ លើសពីនេះទៅទៀត កិច្ចប្រជុំបានលើកទឹកចិត្តឱ្យប្រទេសសមាជិកអាស៊ានបូកបី បន្តពង្រឹងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងអាស៊ាននិងបណ្តាប្រទេសដៃគូនីមួយៗ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងចាប់យកវិស័យសក្តានុពលផ្សេងៗដែលកំពុងរីកចម្រើន នាពេលថ្មីៗនេះ មានដូចជា៖ សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ការតភ្ជាប់ ភាពធន់នៃខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ កសិកម្មវៃឆ្លាត និងទេសចរណ៍ប្រកបដោយចីរភាព។
លោកឧបនាយករដ្ឋមន្ត្រី បានរំលេចនូវអាទិភាពសំខាន់ៗមួយចំនួនដែលអាស៊ានបូកបី គួរយកចិត្តទុកដាក់មានជាអាទិ៍៖ ១. ពង្រឹងស្ថិរភាពនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការ ផ្តល់ហិរញ្ញប្បទានរហ័សដែលជាផ្នែកមួយក្រោមគំនិតផ្តួចផ្តើមឈៀងម៉ៃស្តីពីពហុភាគីនិយ(CMIM) ពង្រឹងតួនាទីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) គំនិតផ្តួចផ្តើមស្តីពីទីផ្សារ មូលប័ត្រអាស៊ី ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមអាស៊ានបូកបីនាពេលខាងមុខ ២. ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ថាមពលបៃតង និងថាមពលបំភាយកាបូនទាប និង ជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពវៃឆ្លាតនៃបណ្តាញអគ្គិសនីអាស៊ាន ៣. ពង្រឹងសន្តិសុខស្បៀងតាមរយៈការអនុវត្តស្តុកបម្រុងអង្គរសង្គ្រោះបន្ទាន់អាស៊ានបូកបី (APTERR) ដោយស្តុកទុកនូវស្បៀងអាហារបន្ថែម និងកែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មាននៃស្តុកបម្រុងនេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤
កិច្ចប្រជុំបានសម្តែងការកោតសសើរចំពោះវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការសកម្មភាព នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០២៤-២០២៨) និងបានលើកទឹកចិត្តឱ្យប្រទេសចូលរួមកិច្ចប្រជុំ កំពូលអាស៊ីបូព៌ា អនុវត្តវិស័យយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសហប្រតិបត្តិការ និងសកម្មភាពជាក់ស្តែង ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លើសពីនេះ កិច្ចប្រជុំបានអះអាង សាជាថ្មីពីមជ្ឈភាពអាស៊ាន និងបានគូសបញ្ជាក់ពីភាពចាំបាច់នៃការពង្រឹងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បន្ថែមទៀត ដើម្បីបន្តធានានូវសារសំខាន់ និងប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជា ច្រើនដែលកំពុងកើតឡើង ត្រួតស៊ីគ្នា និងភាពមិនប្រាកដប្រជាសាកល។
ក្នុងបរិបទនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រទេសចូលរួមកិច្ចប្រជុំ កំពូលអាស៊ីបូព៌ា ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈគម្រោងជាក់ស្តែង ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានាថាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងបន្តចូលរួមចំណែកដើម្បី ជំរុញរបៀបវារៈសកលសម្រាប់អនាគតប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព។ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល កិច្ចសហប្រតិបត្តិការថាមពល និងការតភ្ជាប់។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃដៃគូខាងក្រៅដែលបានធ្វើការ ជាមួយអាស៊ាន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ និងសកម្មភាពជាក់ស្តែង នៅក្នុងវិស័យអាទិភាព ទាំងបួននៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដើម្បីលើកកម្ពស់ទំនុកចិត្ត ការគោរពេ គ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក តាមរយៈយន្តការដឹកនាំដោយអាស៊ាន។
សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក
កិច្ចប្រជុំបានរំលឹកឡើងវិញនូវជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ១០ នៅឆ្នាំ២០២២។ កិច្ចប្រជុំបានបញ្ជាក់សាឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចអាស៊ាន – សហរដ្ឋអាមេរិករួមមានតាមរយៈការអនុវត្តផែនការការងារកិច្ចព្រមព្រៀងក្របខ័ណ្ឌ ពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក (TIFA) និងផែនការការងារពង្រីកទំនាក់ទំនង សេដ្ឋកិច្ច (E3) កម្មវិធីការតភ្ជាប់សហរដ្ឋអាមេរិក-អាស៊ាន ក៏ដូចជាតាមរយៈកិច្ចសន្ទនា និងទំនាក់ ទំនងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC)។
នៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពលដ៏អស្ចារ្យនៃការរួម ចំណែកយ៉ាងសកម្មរបស់សហរដ្ឋអាមេរិកក្នុងការអនុវត្តផែនការមេឌីជីថ លអាស៊ានឆ្នាំ២០២៥ និង បានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្សារភ្ជាប់គម្លាតឌីជីថលនៅក្នុងតំបន់ ដើម្បីធានាថាគ្មាននរណា ម្នាក់ និងគ្មានកន្លែងណាមួយត្រូវបានទុកចោល។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍កិច្ច សន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីបរិស្ថាន និងបម្រែបម្រួលអាកាសធាតុលើក១ និង ការអនុម័តផែនការការងារបរិស្ថាន និងអាកាសធាតុអាស៊ាន-សហរដ្ឋអាមេរិក ព្រមទាំងបានលើកទឹក ចិត្តឱ្យមានកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ថាមពលកកើតឡើងវិញ ថាមពលបៃតង និង ថាមពលបំភាយកាបូនទាប និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធថាមពលប្រកបដោយ ចីរភាព តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន។ លើសពីនេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មី ពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការទទួលតួនាទីជាប្រទេសសម្រប សម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់អាណត្តិ២០២៤-២០២៧ ដើម្បី ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញទំនាក់ទំនងនេះឆ្ពោះទៅកាន់កម្រិតខ្ពស់ បន្ថែមទៀត។
វេទិកាតំបន់អាស៊ានលើកទី៣១
កិច្ចប្រជុំបានគូសបញ្ជាក់ពីការរួមចំណែកដ៏សំខាន់របស់វេទិកាតំបន់អាស៊ានក្នុងការជំរុញ កិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាស្ថាបនាលើបញ្ហានយោបាយនិងសន្តិសុខក្នុងតំបន់ ដែលជាផល ប្រយោជន៍និងកង្វល់រួម។ ដើម្បីរក្សាសន្ទុះវិជ្ជមានឆ្ពោះទៅមុខ រដ្ឋមន្ត្រីវេទិកាតំបន់អាស៊ានបានប្តេជ្ញា ចិត្តអនុវត្ត នុវត្តផែនការសកម្មភាពវេទិកាតំបន់អាស៊ានហាណូយទី២ ឆ្នាំ២០២០-២០២៥ ឱ្យបានពេញលេញណាចក្រកម្ពុជា និងប្រកបដោយប្រសិទ្ធភាព និងពង្រឹងបន្ថែមទៀតនូវតួនាទីនិងភារកិច្ចរបស់វេទិកាតំបន់អាស៊ាន ក៏ដូចជាប្រសិទ្ធភាពនិងសារសំខាន់របស់វេទិកានេះ ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់។
កិច្ចប្រជុំបានអនុម័ត សេចក្តីថ្លែងការណ៍វេទិកាតំបន់អាស៊ាន ស្តីពីការបង្កើនកិច្ចសហ ប្រតិបត្តិការក្នុងតំបន់លើសុវត្ថិភាពសាឡាង ដែលមានគោលបំណងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងបង្កើនការយល់ដឹងជាសាធារណៈអំពីសុវត្ថិភាពសាឡាងក្នុងតំបន់តាមរយៈការផ្លាស់ប្តូរបទ ពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងចំណោមប្រទេសសមាជិកវេទិកាតំបន់អាស៊ាន។ កិច្ចប្រជុំក៏បាន ស្វាគមន៍ការបោះពុម្ពផ្សាយ ទស្សនវិស័យ សន្តិសុខវេទិកាតំបន់អាស៊ានប្រចាំឆ្នាំ២០២៤ ដែល ក្នុងនោះប្រទេសសមាជិកបានចែករំលែកទស្សនៈរៀងខ្លួនអំពីបញ្ហានានាពាក់ព័ន្ធនឹងសន្តិភាព និង សន្តិសុខ ដើម្បីលើកកម្ពស់តម្លាភាពនិងទំនុកចិត្តក្នុងចំណោមប្រទេសសមាជិកវេទិកាតំបន់អាស៊ាន។ វេទិកានេះក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងកង្វល់ រួម គ្រប់ដណ្តប់ទាំងបញ្ហាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។
ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វេទិកា តំបន់អាស៊ានក្នុងបរិបទភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រយុទ្ធសាស្ត្រ ដែល នៅក្នុងនេះ កិច្ចសន្ទនាស្ថាបនា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង មានសារសំខាន់សម្រាប់ការកសាង ទំនុកចិត្តនិងការជឿជាក់គ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសសមាជិកវេទិកាតំបន់អាស៊ាន ក្នុង ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងនិងក្រៅតំបន់។ លើសពីនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងកិច្ចខិតខំប្រឹងប្រែងដែលបំពេញឱ្យគ្នាទៅវិញទៅ មក ក្នុងការជួយមីយ៉ាន់ម៉ាវិលត្រឡប់ទៅកាន់ប្រក្រតីភាពឡើងវិញ ហើយបានបញ្ជាក់សាជាថ្មីអំពី ការគាំទ្រចំពោះការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា។ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីសារសំខាន់នៃការបង្កើតបរិយាកាសអំណោយផលដល់ភាគី ពាក់ព័ន្ធរបស់មីយ៉ាន់ម៉ាមានកិច្ចសន្ទនា ការចរចាបទឈប់បាញ់ និងសន្តិភាពយូរអង្វែងតាមរយៈ ដំណើរការនយោបាយប្រកបដោយសន្តិភាព ដែលមីយ៉ាន់ម៉ាជាអ្នកដឹកនាំ និងជាម្ចាស់៕
ដោយ ៖ សិលា