ភ្នំពេញ ៖ អ្នកមានជាន់ថ្មីម្នាក់ដែលគេស្គាល់ និងគេច្រើនប្រើពាក្យហៅគាត់ថា”ឧកញ៉ា ឧកញ៉ា ឬ លោកមេធាវី”មុខរបរ រកស៊ីកាក់កបទិញ.លក់ដី សប្បាយចាយលុយ ផឹកស៊ីស្រីញីអូនបង ចូលខារ៉ាអូខេ បាញ់សម្តែងឬទ្ធិក្នុងក្លឹបឲ្យដឹងថាខ្លួនជាអ្នកខ្លាំង ទីបំផុតជាប់ខ្នោះដៃអាល័យស្នេហ៍ របស់សមត្តកិច្ចកងរាជអាវុធហត្ថ ចាប់បញ្ជូនទៅតុលាការ ដើម្បីអនុវត្តច្បាប់ នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ។
តាមគេហទំព័រហ្វេសប៊ុកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះក្នុងបណ្តាញសង្គមឲ្យដឹងថា ៖ នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប មកផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះមានបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ (ហៅថា ឧកញ៉ា សិទ្ធ ឧកញ៉ា សិទ្ធ) បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាម៉េបញ្ចូលគ្រាប់កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀត ដែលអង្គុយនៅសាឡុងក្បែរៗ នោះ ។
ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងដកហូតអាវុធខ្លីបាន០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យកាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀតម៉ាក EKOL VOLGA សមត្ថកិច្ច ឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ ។
ក្រោយពេលស្តាប់ចម្លើយជនសង្ស័យមានឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីកាក់កបខាងដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជាតៃកុងឡានខ្លួននោះទេ រីឯតៃកងឡានបានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន ។ តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហ ត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថា អ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សី និងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង ៕
ដោយ ៖ រ៉ារ៉ា