ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានឱ្យដឹងថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរដល់អាជ្ញាធរគ្រប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំអនាម័យបរិស្ថាន ទីប្រជុំជននិងទីក្រុងស្អាត គ្មានថង់សំរាមរាយប៉ាយតាមដងផ្លូវដូចពីពេលមុន។
លោករដ្ឋមន្រ្តីបានលើកឡើងពីការទុកដាក់សំរាម ការប្រែឥរិយាបថវិជ្ជមានចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសអញ្ជើញជាអធិបតីបើកយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង“កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅខេត្តក្រចេះ នាថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តក្រចេះ អង្គការGIZ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដោយមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រុង ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើននាក់។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាតនិងបៃតងដោយចីរភាព ។ លោករដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យនៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលមានចំនួនជិត៨,៧លាននាក់ នៅលើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ។
ជាមួយគ្នានេះ ការសម្អាតសំរាម សំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាបន្តទៀត។ ចំពោះការចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប នឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាផងដែរ ។
លើសពីភាពស្អាត លោកបណ្ឌិត អ៊ាង សុផល្លែតបានបញ្ជាក់ថា ការដាំដើមឈើឱ្យបានច្រើន និងស្តារព្រៃឈើដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។
ជាមួយគ្នានេះ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្តែងការគាំទ្រយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាក់ចេញដើម្បីភាពស្អាត ភាពបៃតងនិងឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។ តាមរយៈកម្មវិធីនៅថ្ងៃនេះ ឯកឧត្តមបានស្នើឱ្យមានការចែករំលែក និងការចូលរួមទាំងអស់គ្នា ទុកដាក់សំរាមឱ្យបានល្អ ដើម្បីជៀសវាងកុំឲ្យរាយប៉ាយ ហើយងាយស្រួលក្រុមការងារប្រមូលយកទុកឱ្យមានរបៀបរៀបរយផងដែរ និងធ្វើឱ្យមូលដ្ឋាននិងសហគមន៍ស្អាត។ ជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ នឹងបន្តគាំទ្រចូលរួមយុទ្ធនាការដាក់ចេញដោយក្រសួងបរិស្ថាន សម្អាតអនាម័យ និងវេចខ្ចប់សំរាមនៅទីតាំងរបស់ខ្លួន ដើម្បីសោភណភាពនិងអនាម័យបរិស្ថានស្អាតនៅពេលអនាគត៕
ដោយ ៖ សិលា