ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី៥ខែសីហាខាងមុខនេះ មានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាង៩០នាក់បានចុះឈ្មោះចូលរួមយកព័ត៌មានព្រឹត្តិការណ៍បើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មានមានប្រសាសន៍ថា ៖ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាង៩០រូបបានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ខែសីហាខាងមុខនេះដើម្បីផ្សព្វផ្សាយខ្លឹមសារ រូបភាពកម្មវិធីជាប្រវត្តិសាស្ត្រនេះ ឱ្យបានទូលំទូលាយ។ លោកថា ៖ ក្នុងចំណោមជាង៩០នាក់ ដែលបានចុះឈ្មោះនេះ មកពី៤១អង្គភាព ក្នុងនោះមានអ្នកថតរូបហ្វិក  អ្នកថតវីដេអូ និងអ្នកសរសេរខ្លឹមសារព័ត៌មាន។

លោកថ្លែងបែបនេះក្នុងពិធីជួបជុំរៀបចំលំហូរការងារ និងសម្របសម្រួលកិច្ចការព័ត៌មានដើម្បីត្រៀមចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ 

លោក ផុស សុវណ្ណ បញ្ជាក់ថា ៖ ក្រៅពីអ្នកសារព័ត៌មានក្រសួងព័ត៌មានចាត់តាំងមន្ត្រីជិត ១០នាក់ទៀតដើម្បីជួយសម្រួលដល់អ្នកសារព័ត៌មានក្នុងកម្មវិធីនេះឱ្យដំណើរការរលូន។

កម្មវិធីជាប្រវត្តិសាស្ត្រនេះ នឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ហើយផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ទាំងអស់ រួមទាំងវិទ្យុ ផេកហ្វេសបុកផ្លូវការសម្តេចធិបតីហ៊ុនម៉ាណែត ផេកហ្វេសបុកសម្តេចតេជោហ៊ុនសែន និងបណ្តាញសង្គមជាច្រើនទៀត។

យោងតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០៩នាទីព្រឹក គ្រប់ស្ថាប័ន និងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបានលើកទឹកចិត្តឱ្យវាយគង និងស្គរ ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលពីព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ អាជ្ញាធររាជធានីភ្នំពេញក៏បានជំរុញឱ្យសាធារណជនចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងឱកាសដ៏មហោឡារិកនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ គឺនៅសល់ ០៦ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ហើយ ពោលគឺនឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ជាថ្ងៃសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធ សភា នៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាស ខួប ចម្រើន ជន្មាយុ គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ៕

ដោយ ៖ សិលា


ចែករំលែក៖