ព័ត៌មានទាន់ហេតុការណ៍៖

ហួសចិត្ត!ជនសង្ស័យម្នាក់ ដាច់យ៉ៃ លួចម៉ូតូអ្នករើសអេតចាយ ជិះទៅបាត់សំណាងអាក្រក់ត្រូវសមត្ថកិច្ចចាប់បានវិញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ បន្ទាប់ពីឃើញម៉ូតូទុកចោលនៅវាលស្រែខណៈម្ចាស់ទៅរើសសំបកកំប៉ុងអេតចាយ លួចជិះទៅបាត់ ចៃដន្យសំណាងអាក្រក់ត្រូវសមត្ថកិច្ចចាប់បានវិញនៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧:១៦នាទី ព្រឹកថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អូន គ្រី ហៅ ប៉ាវ  ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាក់ចិញ្ចៀន ឃុំ បាក់ចិញ្ចៀន ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ស៊ុំ សំរិទ្ធ ភេទប្រុស ៤៥ឆ្នាំមុខរបរ រើសអេតចាយ រស់នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត។

ប្រភពបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស បានទទួលព័ត៌មានពីម្ចាស់ម៉ូតូថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៥និង៣០នាទី ខ្លួនបានបញ្ឈរម៉ូតូម៉ាកYAMAHA ពណ៌ក្រហមលាយខ្មៅ ទុកនៅលើភ្លឺប្រឡាយរួចចុះទៅរើសអេតចាយ។

ក្រោយមកគាត់ក៏ដើរត្រឡប់មកវិញ ស្រាប់តែមានគេលួចម៉ូតូរបស់ខ្លួនយកទៅបាត់ បង្កការភ្ញាក់ផ្អើលតែម្ដង។

រហូតមកដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៧ និង ១៥ នាទីព្រឹក ខ្លួនប្រទះឃើញជនសង្ស័យជិះមូតូរបស់ខ្លួនតាមភូមិបត់ស្លឹក សង្កាត់ច្រកម្ទេស ក្រុងបាវិត ធ្វើដំណើរពីលិចទៅកើត រួចភ្លាមនោះខ្លួនក៏បានរាយការណ៍មកសមត្ថកិច្ច។

ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលច្រកម្ទេសបានចុះទៅកន្លែងកើត និងបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាលច្រកម្ទេសដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសាភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់គេ ប្រាកដមែន ហើយជនសង្ស័យបានឆ្លើយសារភាពបន្តទៀតថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៥ ខ្លួនបានលួចប្រេងម៉ាស៊ូតគេ មួយកានទៀត នៅចំណុចទីលានចាក់សំរាម ស្ថិតភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនរួមទាំងវត្ថុតាង៖ ម៉ូតូ១ មួយគ្រឿង ម៉ាកyamaha ស៊ីរ៉ួស ពណ៌ក្រហមលាយខ្មៅ ស្លាកលេខ ស្វាយរៀង 1P-3337និងប្រេងម៉ាស៊ួតចំនួន១កាន ផងដែរ។

បច្ចុប្បន្នជនសង្ស័យរូបនេះ សមត្ថកិច្ចកំពុងធ្វើការសួរនាំ នៅប៉ុស្តិ៍នគបាលរដ្ឋបាលបាវិតដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន

 


ចែករំលែក៖