ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកំលាំងព្រហ្មទណ្ឌកម្រិតស្រាល ប្រើរយៈពេលត្រឹមតែ ជាង៤ម៉ោងប៉ុណ្ណោះ ដោយបង្ក្រាបបានជនសង្ស័យ ប្រុសស្រី ចំនួន៧នាក់ ជាបន្តបន្ទាប់ ដោយប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោងជាង៣ ទាបភ្លឺ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវ៣៥៥ ជិតអង់តែនទួលគោក ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ដោយជំហ៊ានដំបូង សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា ៖ នៅមុនពេល កើតហេតុកំលាំងនគរបាល ខណ្ឌឫស្សីកែវ បានល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ មានការសង្ស័យ បម្រុងនិងឃាត់សួរនាំ ស្រាប់តែជនសង្ស័យ មានការភិតភ័យ រត់គេចពីកំលាំងសមត្ថកិច្ច ជាច្រើនផ្លូវ លុះជិះរត់មកផ្លូវលេខ៣៥៥ ជនសង្ស័យបានជិះរត់មកផ្លូវឌឿងហែម ក៏ផ្តួលម៉ូតូរត់។ សមត្ថកិច្ចឃាត់បានម្នាក់ ចំណែកម្នាក់ទៀត បានផ្លោះរបង ចូលផ្ទះប្រជាពលរដ្ឋ បន្ទាប់មក ដោយម្ចាស់ផ្ទះមិនសហការ នគរបាលខណ្ឌឫស្សីកែវ ទាក់ទងទៅផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាល ខណ្ឌឫស្សីកែវ ដើម្បីព័ទ្ធជុំវិញផ្ទះខាងលើ។
លុះមកដល់ព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចខណ្ឌប្ញស្សីកែវ សហការជាមួយផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌឫស្សីកែវ ឡោមព័ទ្ធជុំវិញផ្ទះខាងលើ និងបន្ដឃាត់បានជនសង្ស័យចំនួន៦នាក់ បន្ថែមទៀត (ស្រី២នាក់) រួមទាំងវត្ថុវតាំងជាច្រើន ដូចជាម៉ូតូចំនួន៣គ្រឿង ម៉ូតូស្កុបពីពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1L-9615 ម៉ូតូប្រភេទម៉ូតូធំពាក់ស្លាកលេខភ្នពេញ 1JG-4899 រួមទាំងម៉ូតូហុងដាសង់ឌ្រីមស៊េរី២០១៥ពណ៌ខ្មៅមួយគ្រឿងទៀត ដាវសាំងម៉ូរៃចំនួន៥ដើម វិទ្យុទាក់ទងស្ដាប់សំឡេង២ កន្រ្ដៃកាត់សោចំនួន៣ ស្លាកពាក់លេខម៉ូតូ១ ខ្នោះដៃ១ ឧបករណ៍កាច់កម៉ូតូរួមទាំងកូនសោជាច្រើន និងវត្តុតាងផ្សេងៗជាច្រើនទៀត ។
បន្ទាប់ពីប្រតិបត្តិការរួចកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវបាននាំខ្លួនជនសង្ស័យទាំង៧នាក់ រួចទាំងវត្ថុតាងជាច្រើនយកទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការទៅតាមនីតិវីធី៕
ដោយ៖ ជ្រោយពេជ្រ