ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត អញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១ ខែសីហានេះ បានអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានថ្លែងថា ៖ សមិទ្ធផល ដែលត្រូវដាក់សម្ពោធនា ថ្ងៃនេះ រួមមានអគារគិលានដ្ឋាន អគារផ្ទះបាយ អគារទីបញ្ជាការ អគារស្នាក់នៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត។ ក្រៅពីនេះ ក៏មានការចូលរួមពីសប្បុរសជននានា និងយោធិនចំណុះ កសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនផ្សេងទៀត ដូចជាផ្លូវ របង ជាដើម ក្នុងទីបញ្ជាការដ្ឋាន។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បន្តថា ៖ ក្នុងឱកាសនេះ ខ្ញុំបានជួបសំណេះសំណាល ជាមួយបងប្អូនកងទ័ព និងគ្រួសារកងទ័ព និងបងប្អូនកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ ជាពិសេសអ៊ំពូមីង បងៗ អតីតយុទ្ធជន។ 

ខ្ញុំបានបញ្ជាក់ជូនបងប្អូន អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ វៀតណាម (CLV DTA) ដែលជាកិច្ចព្រមព្រៀងក្នុងការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ សុខាភិបាល អប់រំ គ្រប់គ្រងគ្រោះមហន្តរាយតាមព្រំដែន។ ការដែលលើកឡើង បំផុសបំផុល ដោយបុគ្គលមួយចំនួន ចោទថាកម្ពុជាបានកាត់ទឹកដី ៤ ខេត្ត ឱ្យគេគ្រប់គ្រង គឺមានចេតនា ឱ្យសាធារណៈមតិមានការភាន់ច្រឡំ និងយល់ខុសលើកិច្ចព្រមព្រៀង គឺជាការឆ្លៀតយកបញ្ហានេះវាយប្រហាររាជរដ្ឋាភិបាល កេងចំណេញនយោបាយ។ គោលដៅកិច្ចព្រមព្រៀង គឺកិច្ចសហការគ្នាលើវិស័យនានា ជួយគ្នាទៅវិញទៅ ទប់ស្កាត់បទល្មើសឆ្លងដែន ហើយត្រូវគោរពអធិបតេយ្យ និងបូរណភាពដែនដីរដ្ឋសមាជិក គ្មានប្រទេសណាមួយអាចរំលោភដែនដីគ្នាបានឡើយ។ យើងមានកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយឡាវ និងថៃ ហើយបណ្តាប្រទេសក្នុងតំបន់អាស៊ានយើង ក៏គេមានកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ដើម្បីជាប្រយោជន៍ជាតិរបស់គេ។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ សូមថ្លែងអំណរគុណដល់បងប្អូនកងទ័ព និងបងៗ អ៊ំពូមីង ជាអតីតយុទ្ធជន ដែលបានលះបង់ ពលីគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ សន្តិសុខសណ្តាប់ធ្នាប់ ថែរក្សាការពារសុខសន្តិភាព និងបូរណភាពដែនដី ជាពិសេសសូមកោតសរសើរដល់បងប្អូនចំពោះការខិតខំប្រឹងប្រែងការពារព្រំដែនទឹក ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់រូបភាព រួមទាំងការជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងៗទៀត ដែលបានជះឥទ្ធិពលដល់សង្គម និងសហគមន៍របស់យើង។ សូមដឹងគុណចំពោះការលះបង់ របស់អ៊ំ ពូមីង បងៗ អតីតយុទ្ធជនយើង បើគ្មានការចូលរួមរបស់ពួកគាត់ទេ នោះសន្តិភាពមិនអាចកើតមានឡើយ។ 

សូមបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តចាត់ទុកគ្រឿងញៀនជាខ្មាំងសត្រូវ និងដាច់ខាតត្រូវទប់ស្កាត់ លុបបំបាត់ចេញពីសហគមន៍របស់យើង ៕ 

ដោយ ៖ សិលា


ចែករំលែក៖