ខេត្តកោះកុង ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ស្ទឹងដំណាក់ក្បូន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ! ស្ថិតនៅចង្ងាយប្រមាណ ៤០គីឡូមែត្រ ពីក្រុងខេមរភូមិន្ទ និងចម្ងាយប្រមាណ ៣១៩ គីឡូមែត្រ ពីរាជធានីភ្នំពេញ។
ក្រសួងទេសចរណ៍ លោកអ្នកអាចធ្វើដំណើរ ដោយប្រើ រថយន្ដ ម៉ូតូ តាមផ្លូវបេតុងកាត់តាមទំបន់វារីអគ្គិសនីឬស្សីជ្រុំ។
ដើមឡើយ ទឹកធ្លាក់ស្ទឹងដំណាក់ក្បូន ជាទីតាំងវារីអគ្គិសនីមួយ ប៉ុន្តែដោយសក្តានុពលធម្មជាតិ ដែលមានទឹកហូរថ្លាឆ្វង់ ព្រៃឈើដុះអមមាត់ទឹកផ្ដល់ជាម្លប់ត្រឈឹងត្រឈៃដល់ភ្ញៀវទេសចរ បានធ្វើឲ្យទឹកធ្លាក់ដំណាក់ក្បូនក្លាយ ជាទីតាំងទេសចរណ៍ធម្មជាតិថ្មីមួយក្នុងខេត្ត។
ទឹកធ្លាក់ស្ទឹងដំណាក់ក្បូន បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតក្នុងខេត្តកោះកុង។ ទីតាំងនេះកាលពីមុនគ្រាន់តែជាកន្លែងវារីអគ្គិសនីមួយប៉ុណ្ណោះ តែបន្ទាប់ពីគេបើកឱ្យចូលទៅលេងមក ហើយមានការផ្សព្វផ្សាយពីអ្នកទេសចរធ្លាប់ទៅលេង ទើបបានទីតាំងនេះក្លាយជាតំបន់ទេសចរណ៍ ប៉ុន្តែអត់ទាន់មានការកែច្នៃកន្លែងអង្គុយលេង ឬកន្លែងស្នាក់នៅនោះទេ។
ជាពិសេសជាងនេះទៅទៀត ទេសចរអាចបោះតង់ ស្ទូចត្រី ហែលទឹក ជាពិសេសសាកសមបំផុតសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តធម្មជាតិ និងការផ្សងព្រេង៕
ដោយ ៖ សិលា