ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ ៖ ក្រុមការងារជំនាញបានធ្វើការចាក់បំពេញដីនៅតាមផ្លូវក្នុងក្រុង ដើម្បីធ្វើការសម្រួលជាបណ្ដោះអាសន្ន សម្រាប់ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បន្ទាប់ពីរាំងភ្លៀង និងដោយសារកម្រិតទឹកស្ទឹងសង្កែមានកម្រិតទាបជាងមុនធ្វើឱ្យផ្លូវមួយចំនួននៅក្នុងក្រុងដែលទទួលរងនូវការជន់លិច ដោយជ្រាបទឹកស្ទឹងសង្កែនៅតាមលូកន្លងមកនេះ នៅព្រឹកនេះក្រុមការងារជំនាញបានធ្វើការចាក់បំពេញដីនៅតាមផ្លូវក្នុងក្រុង ដើម្បីធ្វើការសម្រួលជាបណ្ដោះអាសន្ន សម្រាប់ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមផ្លូវសាធារណៈ ។ នេះជាការបញ្ជាក់ពី លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែសីហាឆ្នាំ២០២៤ ។ 

គួរបញ្ជាក់ផងដែរថា ក្រុងបាត់ដំបង កំពុងស្ថិតក្នុងដំណាក់កាលនៃការសាងសង់លូរំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់ADB ដោយនឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ហើយគម្រោងនឹងធ្វើការសាងសង់ផ្លូវថ្មីឡើងវិញ ក្រោយពេលសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់រួចរាល់ បន្ទាប់ពីឆ្លងកាត់ការតេស្ដ ការវាស់សម្ពាធនៅក្នុងប្រព័ន្ធលូរួចរាល់ ដើម្បីប្រាកដថាគ្មានការលិចជ្រាបនៅផ្នែកខាងក្រោមឡើយ ។ 

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យចំពោះបញ្ហានេះ ក្រុមការងារជំនាញបានខិតខំព្យាយាមសាងសង់ឱ្យបានឆាប់រហ័សដើម្បីសម្រួលដល់ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឡើងវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖