ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ លោក ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា នៅគ្រប់កាលៈទេសៈ។ លោកបានថ្លែងថា ចិនជួយកម្ពុជា កសាងកែលម្អផ្លូវ ជិត៤ពាន់គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ព្រមទាំងវារីអគ្គិសនីយ៉ាងច្រើនដែលនំាឱ្យតម្លៃអគ្គិសនី បានចុះថ្លៃសព្វថ្ងៃ។
លោក ថ្លែង បន្តថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន៦ខែដើមឆ្នាំ២០២៤ សរុប៧,៣ពាន់លានដុល្លារអាមេរិកនិងគម្រោងវិនិយោគចំនួន១៥៣គម្រោង សរុបចំនួន១,៣ពាន់លានដុល្លារ នៅ៦ខែ ដើមឆ្នំា២០២៤នេះ។ លោកក៏បានរំលឹកនៅពេលដែលលោកធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអស់រយៈពេល២១ឆ្នាំ រហូតដល់ឆ្នំា២០១៦ បានចូលរួមចំណែកយ៉ាងច្រើន ដល់ការពង្រឹងពង្រីកមិត្តភាព និងសហប្រតិបត្តិការកម្ពុជា-ចិនក្នុងក្របខ័ណ្ឌភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
លោកបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦-២០២៣ ក្នុងនាមជាឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លោកក៏បានខិតខំក្នុងឋានៈជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនក្នុងការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយលោក Wang Yi ព្រមទំាងការអនុវត្ត «ផែនការ៥ឆ្នាំនៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រជាជនកម្ពុជានិងប្រជាជនចិន» រវាងប្រជាជនទំាងពីររហូតដល់ក្លាយជាមិត្តដែកថែប។
ក្រៅពីនេះ លោកក៏បានលើកពី សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង(DOC) ដែលបានចុះហត្ថលេខា រវាងរដ្ឋមន្រ្តីការបរទេសអាស៊ានទាំង១០ និង លោក Wang Yi ជាតំណាងជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ២០០២ ពេលដែលកម្ពុជាធ្វើប្រធានអាស៊ាន លើកទី១ ហើយលោកក៏មានការរីករាយនិងមានមោទនភាព ដោយរហូតមកដល់ថ្ងៃនេះ អស់រយៈពេល២២ឆ្នាំហើយភាគីពាក់ព័ន្ធទំាងអស់ នៅតែទាមទារការអនុវត្ត DOC ឱ្យបានពេញលេញនៅ សមុទ្រចិនខាងត្បូង។
លោក បានជូនពរ លោក Wang Wenbin បំពេញភារកិច្ចបានជោគជ័យដើម្បីទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងបន្តអនុវត្តផែនការ៥ឆ្នាំនៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ព្រមទំាងមិត្តភាពដែកថែបនៃប្រទេស ទំាងពីរ។
លោក Wang Wenbin បានលើកសរសើរ លោក ហោ ណាំហុង ថា ជាថ្នាក់ដឹកនាំចាស់ទុំជានខ្ពស់ដ៏គួរឱ្យគោរព ហើយឯកអគ្គរដ្ឋទូតក៏បានពាំនាំការសួរសុខទុក្ខពី ឯកឧត្តម Wang Yi ជូនចំពោះលោក ហោ ណាំហុង ។ ឯកអគ្គរដ្ឋទូតបានបេ្តជ្ញាបន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ចិន ដើម្បីទទួលបានផលប្រយោជន៍ស្នូលរវាងប្រទេសយើងទំាងពីរ៕