ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក​៖​ សម្ពាធ​ទាប​គ្របដណ្ដប់​លើ​សមុទ្រ​ចិន​ខាងត្បូង​ ឈូង​សមុទ្រ​ថៃ​ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ​ និង​មក​លើ​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃភាគកណ្តាលនៃអាងទន្លេ មេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសបស្ចិម និងពាយ័ព្យ មានល្បឿនមធ្យម២,៥០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២៥%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣,៥០ ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំ ដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ២,៥០ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ​ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ដោយ​៖តារា​


ចែករំលែក៖